ក្រុមហ៊ុនអាកាសចរណ៍Emirates គ្រោងបើកជើងហោះហើរមកកាន់រាជធានីភ្នំពេញឡើងវិញនៅពេលឆាប់ៗ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម គ្រោងបើកជើងហោះហើរប្រចាំថ្ងៃមកកាន់រាជធានីភ្នំពេញឡើងវិញ តាមរយៈប្រទេសសិង្ហបុរី ដោយចាប់ផ្តើមពីថ្ងៃទី១ ខែឧសភាខាងមុខ។

ក្រុមហ៊ុនបញ្ជាក់ថា គោលបំណងនៃការបើកជើងហោះហើរឡើងវិញនេះ គឺដើម្បីជំរុញការតភ្ជាប់របស់ក្រុមហ៊ុនខ្លួន ពីតំបន់អាស៊ីអាគ្នេយ៍ទៅកាន់ទីក្រុងឌូបៃ និងពីទីក្រុងឌូបៃ ឆ្ពោះមកកាន់តំបន់អាស៊ីវិញ និងតភ្ជាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកម្សាន្តចំនួនពីរនៅក្នុងតំបន់។

លោក Adnan Kazim អនុប្រធាន និងជាប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Emirates បានអត្ថាធិប្បាយថា “ការប្រកាសបើកជើងហោះហើរ ទៅកាន់រាជធានីភ្នំពេញឡើងវិញ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រឹងបណ្តាញនៅតំបន់អាស៊ី ខណៈយើងបន្តបង្កើតឱកាសកាន់តែច្រើន សម្រាប់អ្នកធ្វើដំណើរ ដើម្បីស្វែងរកគោលដៅទេសចរណ៍វប្បធម៌ដ៏សម្បូរបែប ព្រមទាំងជួយបណ្តាក្រុមហ៊ុនអាជីវកម្ម និងអ្នកនាំចេញគ្រប់ទំហំ ក្នុងការបង្កើតទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ”។

លោកបន្តថា “យើងសូមអរគុណដល់អាជ្ញាធរកម្ពុជា និងសិង្ហបុរី ដែលបានផ្តល់ការគាំទ្រ ក្នុងការបង្កើតផ្លូវហោះហើរថ្មីនេះ ហើយក្រុមហ៊ុននឹងណែនាំអតិថិជន ទៅកាន់គោលដៅទេសចរណ៍ ដ៏រស់រវើកមួយទៀតនៅលើបណ្តាញរបស់យើង”។

ការបើកសេវាកម្មហោះហើរនេះ នឹងត្រូវដំណើរការជាមួយនឹងយន្តហោះប្រភេទ Boeing 777-300ER។ ជើងហោះហើរឈ្មោះ EK348 របស់ក្រុមហ៊ុន Emirates នឹងចាកចេញពីទីក្រុងឌូបៃទៅកាន់ប្រទេសសិង្ហបុរី។

បន្ទាប់មកជើងហោះហើរនេះ នឹងចេញដំណើរបន្តពីសិង្ហបុរីឆ្ពោះមកកាន់រាជធានីភ្នំពេញ រួចចាកចេញពីភ្នំពេញឆ្ពោះទៅសិង្ហបុរីវិញ និងចាកចេញបន្តទៅកាន់ទីក្រុងឌូបៃ នៅថ្ងៃបន្ទាប់។

ជាមួយគ្នានេះ ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវអាកាស Emirates SkyCargo ក៏នឹងផ្តល់សមត្ថភាពផ្ទុកទំនិញលើយន្តហោះ Boeing 777-300ER ជាង៣០០តោនក្នុងមួយសប្តាហ៍ ទាំងដឹកចូលមកក្នុង និងដឹកចេញពីរាជធានីភ្នំពេញ ខណៈទំនិញសំខាន់ៗដែលនាំចេញពីទីក្រុងភ្នំពេញ រួមមានដូចជា វាយនភ័ណ្ឌ ឱសថ និងទំនិញមានតម្លៃខ្ពស់ផ្សេងទៀត។

ជាពិសេសជាងនេះទៅទៀត ក្រុមហ៊ុន Emirates នឹងផ្តល់ជូនសេវាកម្មថ្មីដល់អតិថិជន ដែលរួមមាន បន្ទប់ឯកជន First Class ចំនួន៨កៅអី កៅអីអង្គុយបែប Business Class ចំនួន៤២កៅអី និងកៅអីធំទូលាយបែប Economy Class ចំនួន៣១០កៅអី៕

LEAVE A REPLY

Please enter your comment!
Please enter your name here