ខេត្តសៀមរាបត្រៀមស្វាគមន៍សភាយុវពាណិជ្ជករ៤០០០នាក់មកពីជុំវិញពិភពលោក

0

ដោយៈ គង់ ហ្វីអូណា

        សៀមរាបៈ  ក្រុមសភាយុវពាណិជ្ជករអន្តរជាតិចំនួន៤,០០០នាក់មកពីជុំវិញពិភពលោក នឹងមកចូលរួមមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ នៅទឹកដីខេត្តសៀមរាប។

ការណ៍នេះបានឱ្យដឹងបែបនេះ នៅក្នុងឱកាសជំនួបពិភាក្សារវាងលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយក្រុមការងារសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ដឹកនាំដោយលោក លី ឧត្តម ប្រធានថ្នាក់ជាតិសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២៤ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។

ជំនួបនេះគឺដើម្បីពិភាក្សា លើកិច្ចសហប្រតិបត្តិការក្នុងការរៀបចំមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០២៤ (2024 JCI ASPAC Angkor Cambodia) ដែលជាព្រឹត្តិការណ៍ដ៏ធំមួយរបស់សភាយុវពាណិជ្ជករអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកលី ឧត្តម បានបញ្ជាក់ថា មហាសន្និបាតនេះគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិក សភាយុវពាណិជ្ជករអន្តរជាតិរហូតដល់ប្រមាណ៤,០០០នាក់ មកពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។

លោករដ្ឋមន្រ្តី សុខ សូកេន បានបង្ហាញការគាំទ្រចំពោះការរៀបចំមហាសន្និបាតនេះ និងបានចាត់ទុកព្រឹត្តិការណ៍នេះ ជាការចូលរួមចំណែកយ៉ាងធំ ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ពិសេសខេត្តសៀមរាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here