ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំក្រុមហ៊ុនចិន CRBC បានបើកកិច្ចប្រជុំពិនិត្យលទ្ធភាពសិក្សា គម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ- សៀមរាប- ប៉ោយប៉ែត ក្រោមយន្តការភាពជាដៃគូ រវាងរដ្ឋ និងឯកជន(PPP)។
លោកឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធភាពសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ- ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត ក្រោមក្របខ័ណ្ឌភាពជាដៃគូ រវាងរដ្ឋ និងឯកជន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ឋកាលពីចុងខែកុម្ភៈកន្លងមកនេះ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលមតិយោបល់ ក៏ដូចជាធាតុចូល និងអនុសាសន៍បន្ថែមដល់ក្រុមហ៊ុន ដើម្បីពិនិត្យ និងកែសម្រួលឡើងវិញ ជាពិសេសក្នុងដំណាក់កាលទី១ នៃគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍ស្តីពី ការសិក្សាលទ្ធភាពបច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តគម្រោងទទួលបានភាពល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេ សអាជ្ញាធរអប្សរា ដើម្បីសិក្សាពីផលប៉ះពាល់ និងផ្តល់មតិយោបល់លើការសិក្សាកំណាត់ផ្លូវវាងក្រុង។
ក្រុមហ៊ុនCRBC គ្រោងនឹងបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធលទ្ធភាពប្លង់វិស្វកម្មសំណង់ នៅខែកុម្ភៈ ២០២៤ និងបន្ទាប់មកត្រៀមបញ្ចប់ការសិក្សា សមិទ្ធិលទ្ធភាពគម្រោង(FS ) ហើយនឹងដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យសម្រេចនាដើមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ហើយសម្រាប់ដំណាក់ទី២៖ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅខែមីនា ២០២៤ បន្ទាប់ពីបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួងពិនិត្យ កែសម្រួលឈានទៅបញ្ចប់ នៅខែឧសភា ២០២៤ខាងមុខ៕