ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការចុះផ្សាយ ដោយសារព័ត៌មានចិន China Daily បានឱ្យដឹងថា យន្តហោះតាក់ស៊ីអគ្គិសនី ដែលមានឈ្មោះថា eVTOL បានបើកជើងហោះហើរ ជាលើកដំបូងបង្អស់ នៅក្នុងប្រទេសចិនប្រកបដោយជោគជ័យ។
យន្តហោះតាក់ស៊ីអគ្គិសនី eVTOL គឺជាតាក់ស៊ីលើអាកាសដំបូងគេ ដែលអាចហោះហើរដឹកអ្នកដំណើរ ពីទីក្រុងមួយទៅទីក្រុងមួយទៀតប្រកបដោយជោគជ័យ។
ប្រភពដដែលបានបន្តថា តាក់ស៊ីលើអាកាសនេះ បានបញ្ចប់ការហោះហើរនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយចាប់ផ្តើមហោះចេញពីកំពង់ផែ Shekou ក្នុងទីក្រុង Shenzhen ទៅកាន់កំពង់ផែ Jiuzhou ក្នុងទីក្រុង Zhuhai ដែលមានព្រំដែនជាប់ទីក្រុងហុងកុង និងបន្តទៅកាន់ភាគខាងត្បូងខេត្ត Guandong ជាប់ទីក្រុងម៉ាកាវ។
ការបើកប្រតិបត្តិការហោះហើរនេះ បានចំណាយរយៈពេល២០នាទី ក្នុងរយៈចម្ងាយហោះហើរចំនួន៥៥គីឡូម៉ែត្រ។ យន្តហោះតាក់ស៊ី ដើរដោយថាមពលអគ្គិសនី eVTOL នេះ ត្រូវបានផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដែលមានឈ្មោះថា AutoFlight។
យន្តហោះនេះ មានសមត្ថភាពហោះហើរ ជាមួយរយៈចម្ងាយ២៥០គីឡូម៉ែត្រ និងអាចដឹកអ្នកដំណើរបាន៥នាក់ និងមានសមត្ថភាពហោះហើរ ក្នុងល្បឿនចំនួន២០០គីឡូម៉ែត្រ នៅក្នុងរយៈពេល១ម៉ោង ។
លោក Tian Yu នាយកប្រតិបត្តិ និងជាសហប្រធាននៃក្រុមហ៊ុន AutoFlight បានថ្លែងថា “យើងមានសេចក្តីរំភើបរីករាយណាស់ ដោយបានបង្ហាញ ពីសមត្ថភាពដ៏ទំនើបរបស់ក្រុមហ៊ុន AutoFlight តាមរយៈការបើកជើងហោះហើរ eVTOL ឆ្លងកាត់សមុទ្រ និងអន្តរទីក្រុងដំបូងគេរបស់ពិភពលោក”។
លោកបន្ថែមថា “យើងបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូនៅជុំវិញពិភពលោក ហើយយើងនឹងបន្តជំរុញបដិវត្តន៍នេះ ដើម្បីនាំមកនូវជម្រើសតាក់ស៊ី ហោះហើរលើអាកាសប្រភេទ eVTOL ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព និងមានតម្លៃសំបុត្រ ធ្វើដំណើរសមរម្យទៅកាន់ទីក្រុងនានា ជុំវិញពិភពលោក”៕