ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យ PropertyGuru Group ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី គ្រោងនឹងកាត់បន្ថយបុគ្គលិកចំនួន៧៩រូប ស្របពេលដែលក្រុមហ៊ុន កំពុងឆ្លងកាត់ការផ្លាស់ប្តូររចនាសម្ព័ន្ធស្ថាប័ន។
ការបញ្ឈប់បុគ្គលិកនេះ ត្រូវបានប្រកាសឱ្យដឹង នៅក្នុងលិខិតមួយផ្ញើទៅកាន់បុគ្គលិក កាលពីពេលថ្មីៗនេះ ដោយលោក Hari V Krishnan នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន PropertyGuru Group។
-->
លោក Krishnan បានសរសេរនៅក្នុងលិខិតនោះថា “យើងកំពុងធ្វើការពិនិត្យឡើងវិញ យ៉ាងគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំរចនាសម្ព័ន្ធស្ថាប័នរបស់យើងឡើងវិញ ដោយធានាថា យើងផ្តោតលើការវិនិយោគទៅលើអាជីវកម្ម ដោយផ្អែកលើសក្តានុពលទីផ្សារ”។
លោកបន្តថា “រឿងនេះពាក់ព័ន្ធនឹងការបន្តវិវឌ្ឍន៍ ទៅមុខនៃរចនាសម្ព័ន្ធអង្គភាព សមាសភាពក្រុម ដំណើរការប្រតិបត្តិការ និងស្វ័យប្រវត្តិកម្មប្រកប ដោយភាពឆ្លាតវៃតាមដែលអាចធ្វើបាន ព្រមទាំងដឹកនាំ ដោយផ្តោតច្បាស់លាស់លើអាទិភាព ដែលយើងបានកំណត់”។
លោកបញ្ជាក់ទៀតថា “ដើម្បីចូលរួមជាផ្នែកមួយ នៃដំណើរការនេះ ក្រុមហ៊ុន PropertyGuru របស់យើង នឹងបិទសាខាអាជីវកម្មដែលមិនអាចធ្វើមាត្រដ្ឋានបាន និងសាខាអាជីវកម្មដែលមិនរកប្រាក់ចំណេញ”។
តួយ៉ាងក្រុមហ៊ុនបានទម្លាយឱ្យដឹងថា សាខាអាជីវកម្មចំនួនពីរក្នុងចំណោមសាខាអាជីវកម្មចំនួន៩របស់ខ្លួន នៅក្នុងប្រទេសវៀតណាម នឹងត្រូវបានបិទទ្វារ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានCNA។
លោកបានបន្ថែមថា “ក្រុមហ៊ុនក៏នឹងពង្រឹង ការផ្តល់បច្ចេកវិទ្យា និងស្វែងរកការគាំទ្រ ពីអតិថិជនឱ្យបានកាន់តែល្អប្រសើរ តាមរយៈការរៀបចំឡើងវិញ នូវតួនាទីនៅគ្រប់ការធ្វើទីផ្សារ ផលិតផល និងការលក់របស់សហគ្រាស”។
លោកKrishnan បានលើកឡើងថា “ស្របពេលដែលលក្ខខណ្ឌទីផ្សារ និងតម្រូវការអតិថិជនមានភាពប្រែប្រួល។ ដូច្នេះវាទាមទារឱ្យយើងសម្របយុទ្ធសាស្រ្តរបស់យើង ទើបក្រុមហ៊ុនអាចបន្តរីកចម្រើនប្រកបដោយនិរន្តរភាព”។
ការបញ្ឈប់បុគ្គលិកចំនួន៧៩នាក់ ពីការងារតំណាងឱ្យប្រហែល៥ភាគរយ នៃកម្លាំងការងារសរុប របស់ក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យ PropertyGuru ដ៏ល្បីឈ្មោះរបស់ប្រទេសសិង្ហបុរី៕
