ដោយ: គង់ លាងហួរ
អន្តរជាតិ: មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានលើកឡើងថា កំណើនសេដ្ឋកិច្ច ដ៏រឹងមាំរបស់សហរដ្ឋអាមេរិក គឺជាមូលដ្ឋានជំរុញដ៏សំខាន់មួយ សម្រាប់សេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters។
លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានអះអាងថា មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងស្ថាប័នផ្សេងទៀត ធ្លាប់បានព្យាករថា សេដ្ឋកិច្ចសកលនឹងដាំក្បាលចុះខ្លាំងបំផុត នៅឆ្នាំ២០២៣ ប៉ុន្តែរឿងបែបនេះមិនបានកើតឡើងឡើយ។
ផ្ទុយទៅវិញ លោកស្រីបញ្ជាក់ថា “កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២៣ បានស្ថិតក្នុងកម្រិត៣,១% លើសពីការរំពឹងទុក ហើយអតិផរណាបានធ្លាក់ចុះ ខណៈតម្លៃទំនិញត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះនៅឆ្នាំនេះ”។
លោកស្រីបានបន្តថា ឆ្ពោះទៅមុខ យើងនៅតែទទួលស្គាល់អំពីហានិភ័យ ដែលទស្សនវិស័យសកលកំពុងប្រឈមមុខ ហើយយើងត្រូវបន្តតាមដាន ដោយប្រុងប្រយ័ត្ននូវបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសមួយចំនួន ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែមានភាពធន់។
លោកស្រី Yellen បានអះអាងថា ភាពរឹងមាំនៃសេដ្ឋកិច្ចអាមេរិក បានគាំទ្រកំណើនសេដ្ឋកិច្ចពិភពលោក ដែលជំរុញដោយគោលនយោបាយរបស់រដ្ឋបាល លោកប្រធានាធិបតី ចូ បៃដិន ក្នុងការគាំទ្រដល់អាជីវកម្ម ដែលរងផលប៉ះពាល់ខ្លាំង ដោយសារជំងឺរាតត្បាត និងការវិនិយោគ លើការផលិតក្នុងស្រុក ថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធ។






