ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូននៅឆ្នាំ២០២៣ បានដាក់គោលដៅស្ថាបនា និងសាងសង់ផ្លូវជាតិ និងផ្លូវខេត្តចំនួន៨៥០ខ្សែ ដែលមានប្រវែងជាង២ម៉ឺនគីឡូម៉ែត្រ។
ក្នុងចំណោមផ្លូវទាំងនោះ បានក្រាលកៅស៊ូ និងបេតុងបានប្រវែងជាង១.១ម៉ឺនគីឡូម៉ែត្រ ឬស្មើនឹង៥៦.៣៨% នៃប្រវែងខ្សែផ្លូវសរុប។
ក្រសួងសាធារណការ និងដឹកជញ្ជូន ពីម្សិលមិញបានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដែលប្រារព្ធធ្វើនៅទីស្ដីការក្រសួងក្រោមប្រធានបទ “ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល”។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអញ្ជើញជាអធិបតី នៅក្នុងពិធីនោះបានអានរបាយការណ៍សង្ខេបថា នៅឆ្នាំ២០២៣ក្រសួងបានស្ថាបនា និងសាងសង់ផ្លូវជាតិនិងផ្លូវខេត្ត៨៥០ខ្សែ មានប្រវែង២០,០១៦គីឡូម៉ែត្រ ហើយបានក្រាលកៅស៊ូនិងបេតុងប្រវែង១១,២៨៥គីឡូម៉ែត្រ ឬស្មើនឹង ៥៦,៣៨% នៃប្រវែងផ្លូវសរុប។
លោកបានបន្តថា នៅក្នុងនោះក្រសួងបានស្ថាបនា និងសាងសង់ផ្លូវជាតិកម្រិត១ ចំនួន៩ខ្សែមានប្រវែងសរុប ២២,០៥៤គីឡូ ម៉ែត្រ ហើយបានក្រាលកៅស៊ូនិងបេតុងសម្រេចបាន១០០%។
លោកបានបន្ថែមថា ក្រសួងបានស្ថាបនា និងសាងសង់ផ្លូវជាតិកម្រិត២ចំនួន៧២ខ្សែ មានប្រវែងសរុប៥១,៣៥.៨៨គីឡូម៉ែត្រ ហើយបានក្រាលកៅស៊ូ និងបេតុងប្រវែង៣៩៣១គីឡូម៉ែត្រ ឬស្មើនឹង៧៦.៥៤% នៃប្រវែងផ្លូវសរុប។
លោកបានបន្តថា ក្រសួងបានស្ថាបនា និងសាងសង់ផ្លូវខេត្តចំនួន៧៦៩ខ្សែ មានប្រវែងសរុប១២,៦២៦គីឡូម៉ែត្រ ហើយបានក្រាលកៅស៊ូនិងបេតុង៥,១០០គីឡូម៉ែត្រ ឬស្មើនឹង៤០.៣៩%នៃប្រវែងផ្លូវសរុប។
នៅក្នុងពិធីបើកសន្និបាតនោះលោក ប៉េង ពោធិ៍នាមិនបានបញ្ជាក់ពីមូលហេតុ ដែលមិនសម្រេចតាមគោលដៅ ហើយក៏មិនបានបញ្ជាក់ពីថវិកាសរុប ដែលបានចំណាយលើគម្រោងស្ថាបនា និងជួសជុលផ្លូវទាំងនោះទេ ដោយគ្រាន់តែនិយាយថា គម្រោងស្ថាបនានិងសាងសង់ផ្លូវស្ពាន ដោយប្រើប្រាស់ថវិកាជាតិ និងថវិកាដៃគូអភិវឌ្ឍន៍នានា។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងដំណើរការ សាងសង់គម្រោងផ្លូវស្ពាន ដោយប្រើប្រាស់ថវិកាដៃគូអភិវឌ្ឍន៍ ដូចជា គម្រោងប្រើប្រាស់ថវិកាប្រទេសចិនសម្រាប់ផ្លូវជាតិចំនួន៧ខ្សែ មានប្រវែងសរុប៥៧៥.២៩គីឡូម៉ែត្រ រួមមានមានកំណត់ផ្លូវជាតិលេខ៧ ប្រវែង៤៥.៤៨គីឡូម៉ែត្រ ផ្លូវជាតិលេខ១០ប្រវែង១៩៨.៥១គីឡូម៉ែត្រ ផ្លូវជាតិលេខ៣១ប្រវែង៥៣.៣៩គីឡូម៉ែត្រ ផ្លូវជាតិលេខ៣៣ប្រវែង៥២.៥៧គីឡូម៉ែត្រ ផ្លូវជាតិលេខ៤១ប្រវែង៩៥.២៩គីឡូម៉ែត្រ ផ្លូវជាតិលេខ៧១សេប្រវែង១០១.៣៦គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ពីក្រុងក្រចេះប្រវែង៣១.៦៩គីឡូម៉ែត្រ។
គម្រោងប្រើប្រាស់ថវិកាប្រទេសចិន សម្រាប់សាងសង់ស្ពានចំនួនពីរ ប្រវែងសរុប២៦០៦.៧០ម៉ែត្រ រួមមានស្ពានឆ្លងទន្លេក្រចេះប្រវែង១៧៦១ម៉ែត្រ និងស្ពានចាក់អង្រែក្រោម- ព្រែប្រាប្រវែង៨៤៥.៧០ម៉ែត្រ។
លោកបន្ថែមថា ក្រសួងកំពុងដំណើរការ គម្រោងសាងសង់ផ្លូវដោយប្រើប្រាស់ថវិកាប្រទេសជប៉ុន មានមួយខ្សែមានប្រវែង៣៥.១៤គីឡូម៉ែត្រ គឺកំណត់ផ្លូវជាតិលេខ៥ពីសិរីសោភ័ណទៅប៉ោយប៉ែត។ គម្រោងប្រើប្រស់ថវិកា ប្រទេសកូរ៉េខាងត្បូងមានមួយខ្សែផ្លូវ គឺផ្លូវលេខជាតិ៤៨ប្រវែង១៤៨គីឡូម៉ែត្រ។
លោកបន្តថា សម្រាប់គម្រោងប្រើប្រាស់ថវិកា ធនាគារអភិវឌ្ឍន៍អាស៊ី មានពីរខ្សែផ្លូវជាតិ ប្រវែងសរុប៤៣.២០គីឡូម៉ែត្រ រួមមានផ្លូវជាតិលេខ២៣ប្រវែង១៩.៨៣គីឡូម៉ែត្រ និងផ្លូវខេត្តលេខ៣១២ប្រវែង២៣.៣៧គីឡូម៉ែត្រ។ ចំណែកគម្រោងប្រើប្រាស់ធនាគារពិភពលោកមានប្រាំខ្សែផ្លូវប្រវែងសរុប ៣២៥.៧៥គីឡូម៉ែត្រ រួមមានផ្លូវជាតិលេខ៤ ប្រវែង១៩៦.១០គីឡូម៉ែត្រ កំណាត់ផ្លូវជាតិលេខ៧ប្រវែង៣១.២៥គីឡូម៉ែត្រ ផ្លូវជាតិលេខ៧៣ប្រវែង៤៩.៨១គីឡូម៉ែត្រ ព្រមទាំងផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧Aប្រវែង៤៨.៥គីឡូម៉ែត្រ៕