រដ្ឋាភិបាលអាមេរិកវិនិយោគ២,៥ពាន់លានដុល្លារបន្ថែមក្នុងគម្រោងរថភ្លើងល្បឿនលឿនតភ្ជាប់រដ្ឋចំនួន២

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលសហព័ន្ធអាមេរិក កំពុងពង្រឹងការប្តេជ្ញាចិត្ត ក្នុងការជួយរៃអង្គាសប្រាក់ ឱ្យបានចំនួន២,៥ពាន់លានដុល្លារ សម្រា​ប់សាងសង់រថភ្លើងល្បឿនលឿន ដែលមានឈ្មោះថា Brightline West។

ចំណែក ថវិកាដែលបានមកពីការរៃអង្គារនេះ គឺបូកបន្ថែមពីលើជំនួយឥតសំណង ចំនួន៣ពាន់លានដុល្លារ ដែលរដ្ឋាភិបាលសហព័ន្ធបានប្រកាសដាក់ចេញនៅក្នុងខែធ្នូ ឆ្នាំ២០២៣។

Brightline West គឺជាគម្រោងផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ពីទីក្រុង Los Angeles ក្នុងរដ្ឋកាលីហ្វ័រញ៉ា ទៅកាន់ទីក្រុង Las Vegas ក្នុងរដ្ឋ Nevada។

Brightline គឺជាឈ្មោះក្រុមហ៊ុនរថភ្លើងល្បឿនលឿនឯកជន តែមួយគត់របស់សហរដ្ឋអាមេរិក ខណៈគម្រោងនេះត្រូវបានគេរំពឹងថា នឹងចំណាយថវិកាសាងសង់ចំនួន១២ពាន់លានដុល្លារ។

សេវាកម្មរថភ្លើងល្បឿនលឿន Brightline West អាចចាប់ផ្តើមបើកដំណើរការបានភ្លាមៗ នៅឆ្នាំ២០២៨ខាងមុខ ស្របពេលដែលទីក្រុង Los Angeles ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ។

នៅពេលសាងសង់បញ្ចប់រួចរាល់ រថភ្លើងល្បឿនលឿន ដែលបើកបរនៅលើផ្លូវដែកប្រវែង៣៥១គីឡូម៉ែត្រនេះ នឹងដឹកជញ្ជូនអ្នកដំណើររវាងពីទីក្រុង Los Angeles ក្នុងរដ្ឋកាលីហ្វ័រញ៉ា ទៅកាន់ទីក្រុង Vegas ក្នុងល្បឿន២៩៩គីឡូម៉ែត្រនៅក្នុងមួយម៉ោង។

យោងតាមនាយកដ្ឋានដឹកជញ្ជូន របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា រថភ្លើងនេះនឹងក្លាយជាប្រព័ន្ធរថភ្លើងអគ្គិសនី ពេញលេញ ដោយគ្មានការបំភាយឧស្ម័ន ហើយនឹងក្លាយជាទម្រង់ដឹកជញ្ជូនបៃតងនៅក្នុងសហរដ្ឋអាមេរិក ហើយគម្រោងនេះ ក៏នឹងបង្កើតការងារបានចំនួន៣៥.០០០កន្លែងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here