តើកត្តាអ្វីខ្លះធ្វើឲ្យតម្លៃផ្ទះនៅក្នុងប្រទេសចិនបន្តកើនឡើង រយៈពេល២ខែជាប់ៗគ្នា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការស្ទង់មតិឯកជនមួយបង្ហាញថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនបានកើនឡើង ក្នុងល្បឿនយឺតជាងមុនបន្តិច ក្នុងខែកុម្ភៈបើធៀបនឹងខែមករា  ដែលឆ្លុះបញ្ចាំងថា ស្ថានភាពវិស័យអចលនទ្រព្យ មិនទាន់វិលមកភាពប្រក្រតីឡើងវិញនៅឡើយ។

យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ China Index Academy បានបង្ហាញថា តម្លៃផ្ទះថ្មីជាមធ្យមនៅទូទាំងទីក្រុងចំនួន១០០របស់ប្រទេសចិន បានកើនឡើង០,១៤ភាគរយ ក្នុងខែកុម្ភៈ បើធៀបនឹងការកើនឡើងប្រចាំខែ០,១៥ភាគរយ នៅក្នុងខែមករា។យោងតាមការស្ទង់មតិ ដាច់ដោយឡែករបស់ក្រុមហ៊ុន China Index Academy បានឱ្យដឹងថា បើគិតពីតម្លៃ ការលក់សរុបក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យចំនួន១០០ បានធ្លាក់ចុះ៥១,៦ភាគរយ ក្នុងរយៈពេលពីរខែដំបូងដើមឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពូលទាំង៣ ដែលលក់ផ្ទះដាច់ខ្លាំងជាងគេនៅប្រទេសចិន រួមមានទី១ ក្រុមហ៊ុន Poly Developments and Holdings Group ទី២: ក្រុមហ៊ុនChina Vanke និងទី៣: ក្រុមហ៊ុន Greentown China Holdings ។

ជាមួយគ្នានេះ ប្រទេសចិនបាននិងកំពុងបង្កើនវិធានការ ដើម្បីបញ្ឈប់ការដាំក្បាលចុះ ក្នុងវិស័យអចលនទ្រព្យ ដែលបានធ្លាក់ចូលទៅក្នុងវិបត្តិ គិតចាប់តាំងពីឆ្នាំ២០២១ បន្ទាប់ពីក្រុមនិយ័តករចិនបានរឹតបន្តឹង ការផ្តល់ប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍ និងនាំឱ្យគម្រោងជាច្រើនជាប់គាំង។

កាលពីខែមករាកន្លងទៅ អាជ្ញាធរចិនបានចាប់ផ្តើមដាក់ចេញយន្តការ “បញ្ជីស” ដោយស្នើឱ្យបណ្តាធនាគាររដ្ឋ ជំរុញការផ្តល់ប្រាក់កម្ចីដល់គម្រោងលំនៅដ្ឋាន។

គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ទីក្រុងចំនួន២៧៦ ក្នុងខេត្តចំនួន៣១នៅប្រទេសចិន បានបង្កើតយន្តការ“បញ្ជីស”នេះ ដោយមានគម្រោងអចលនទ្រព្យប្រហែល៦.០០០ទីតាំង ត្រូវបានស្នើឡើងដើម្បីទទួលបានហិរញ្ញប្បទាន ហើយធនាគារពាណិជ្ជបានអនុម័ត ប្រាក់កម្ចីជាង២០០ពាន់លានយ័ន (ប្រហែល២៧,៧៩ពាន់លានដុល្លារ) សម្រាប់គម្រោងដែលមានសិទ្ធិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here