ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជាបាននិងកំពុងបង្កើតតំបន់សេដ្ឋកិច្ចពិសេសច្រើនទម្រង់ ដើម្បីបំពេញចិត្តអ្នកវិនិយោគ។
ក្នុងកិច្ចសម្ភាសន៍ ជាមួយបណ្ដាញព័ត៌មានកាលពីចុងសប្តាហ៍មុន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ “ខ្ញុំសូមជម្រាបថា នៅទូទាំងប្រទេសកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន២៦កន្លែង ដែលបានដាក់ដំណើរការ ក្នុងចំណោមសរុបចំនួន៤២កន្លែង”។
ទន្ទឹមគ្នានេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា តាមគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺសម្ដេចចង់បង្កើតឲ្យមានតំបន់សេដ្ឋកិច្ចកម្ពុជា និងជប៉ុន ដើម្បីជាការងាយស្រួលដល់អ្នកវិនិយោគ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា បច្ចុប្បន្នជប៉ុន កំពុងតែសិក្សាចំពោះទីតាំងថា តើនៅកន្លែងណាបានល្អ ដែលរួមមាន៖ ពោធិ៍សាត់ កោះកុង ក្រុងព្រះសីហនុ កំពត កំពង់ស្ពឺ ឬក៏នៅភ្នំពេញ។
បន្ថែមពីនោះទៀត ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា រដ្ឋអត់កំណត់ថា ត្រូវទៅកន្លែងណាទេ ឲ្យតែអ្នកវិយោគថា ចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលមានទំហំដីយ៉ាងតិច៤០០ហិកតា អ្នកវិនិយោគដាក់ទុន ហើយរដ្ឋាភិបាល នឹងធ្វើការជាមួយគ្នា ទាក់ទាញអ្នកវិនិយោគ ដើម្បីធ្វើការនៅតំបន់នោះ។
តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា សំដៅដល់មជ្ឈមណ្ឌលពិសេស សម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដែលប្រមូលផ្ដុំនូវសកម្មភាពឧស្សាហកម្ម និងសកម្មភាពពាក់ព័ន្ធដទៃទៀត ហើយអាចមានតំបន់ឧស្សាហកម្មទូទៅ ឬ/និងតំបន់ផលិតកែច្នៃនាំចេញ។
យោងតាមអនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះក្នុងខែធ្នូ ឆ្នាំ២០០៥ ស្ដីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស តំបន់សេដ្ឋកិច្ចពិសេសនីមួយៗ ត្រូវមានមណ្ឌលផលិតកម្ម និងអាចមានមណ្ឌលពាណិជ្ជកម្មសេរី មណ្ឌលសេវាកម្ម មណ្ឌលលំនៅដ្ឋាន និងមណ្ឌលទេសចរណ៍។
វិនិយោគិនត្រូវបានលើកទឹកចិត្ត ឱ្យជ្រើសរើសការវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដោយសារកត្តាងាយស្រួលនៃច្បាប់ទម្លាប់ការងារ ការលើកទឹកចិត្តផ្នែកច្បាប់ពីរាជរដ្ឋាភិបាល និងកត្តាយុទ្ធសាស្ត្រនៃហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនជាប់ទៅនឹងកំពង់ផែ ផ្លូវជាតិសំខាន់ៗ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ និងច្រកទ្វារអន្តរជាតិជាដើម។
ចំណុចល្អនៃរចនាសម្ព័ន្ធ និងសេវាគាំទ្រផលិតកម្មនានា របស់តំបន់សេដ្ឋកិច្ចពិសេស ជូនដល់វិនិយោគិនរួមមាន ការគ្រប់គ្រងអគារការិយាល័យ សេវារដ្ឋបាលក្នុងតំបន់ មណ្ឌលលំនៅដ្ឋាន កន្លែងលេងកីឡា កន្លែងព្យាបាល ផ្លូវថ្នូល់ ការផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូ ការចោលកាកសំណល់ ការផ្គត់ផ្គង់អគ្គីសនី បណ្តាញអ៊ីនធឺណិតនិងទូរគមនាគមន៍ ការការពារអគ្គីភ័យ និងប្រព័ន្ធសន្តិសុខ។
តំបន់សេដ្ឋកិច្ចពិសេសនីមួយៗ មានការិយាល័យរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ដែលផ្ដល់សេវានៅនឹងកន្លែង ដូចជា សេវារដ្ឋបាល បែបបទនៃការនាំចេញ-ចូល ពន្ធគយ និងសេវារបស់អាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត ដែលជួយសម្របសម្រួលនីតិវិធី ធ្វើពាណិជ្ជកម្មបានឆាប់រហ័ស។ ក្នុងនោះផងដែរគម្រោងវិនិយោគ ដែលបានចុះបញ្ជីជាគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីការលើកទឹកចិត្ត សម្រាប់ការវិនិយោគនៅកម្ពុជា ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស។
គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន២៤ទីតាំង នៃ៩រាជធានី-ខេត្ត ជាមួយគម្រោងវិនិយោគ សរុបប្រមាណ៦៥៥ ដែលបានផ្ដល់ការងារជាង ១៧ម៉ឺនកន្លែង។
តំបន់សេដ្ឋកិច្ចពិសេសទាំងនោះមាននៅរាជធានី ខេត្តដូចជា
- រាជធានីភ្នំពេញ មានត.ស.ព.កំពុងដំណើរការចំនួន២
- ខេត្តកណ្ដាល មានត.ស.ព.កំពុងដំណើរការចំនួន២
- ខេត្តកំពង់ស្ពឺ មានត.ស.ព.កំពុងដំណើរការចំនួន១
- ខេត្តព្រះសីហនុ មានត.ស.ព.កំពុងដំណើរការចំនួន៤
- ខេត្តកំពត មានត.ស.ព.កំពុងដំណើរការចំនួន១
- ខេត្តកោះកុង មានត.ស.ព.កំពុងដំណើរការចំនួន១
- ខេត្តក្រចេះ មានត.ស.ព.កំពុងដំណើរការចំនួន១
- ខេត្តស្វាយរៀង មានត.ស.ព.កំពុងដំណើរការចំនួន៩
- ខេត្តបន្ទាយមានជ័យ មានត.ស.ព.កំពុងដំណើរការចំនួន៣៕