ដោយៈ ជេស៊ីកា
ភ្នំពេញៈ សកម្មភាពទិញ លក់ដីធ្លី បានចាប់ផ្តើមានសកម្មភាពខ្លះៗឡើងវិញ នៅតំបន់ជុំវិញរាជធានីភ្នំពេញ និងបណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ចនានា។
ប៉ុន្តែសំណួរនៅទីនេះ គឺយើងអាចសួរថា តើតម្លៃដីធ្លីនឹងកើនឡើងឬទេនៅឆ្នាំ២០២៤នេះ?។
សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia & Cambodiafinancialtimes.com លោកយិន លាងគង់ បានលើកយកចំណុចសំខាន់ៗមួយចំនួនមកវិភាគ ទុកគ្រាន់ពិចារណា។
ស្ថានភាពសេដ្ឋកិច្ចកម្ពុជា
ពិតណាស់ តាមការព្យាករណ៍របស់រដ្ឋាភិបាលបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងរង្វង់៦,៦ភាគរយ នៅឆ្នាំ២០២៤នេះ ហើយតួលេខនេះមានភាពប្រហាក់ប្រហែលគ្នា នឹងការព្យាករណ៍របស់ស្ថាប័នអន្តរជាតិធំៗ ដូចជាADB World Bank, IMF, AMROជាដើម។
កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំនេះ ត្រូវបានជម្រុញដោយ វិស័យកសិកម្ម ទេសចរណ៍ កម្មន្តសាល ការងើបឡើងវិញនូវវិស័យសេវាកម្ម និងឧស្សាហកម្ម ដែលងើបឡើងបណ្តើរៗ ប៉ុន្តែផ្ទុយទៅវិញ វិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវការលំហូរមូលធនដ៏ច្រើន ហាក់ស្ថិតនៅ ក្នុងស្ថានភាពមិនច្បាស់លាស់នៅឡើយ នៅដើមឆ្នាំ២០២៤នេះ។
លំហូរទុនវិនិយោគពីបរទេសនៅមានកម្រិត
ការរឹតបន្តឹងគោលនយោបាយ ខ្ទប់មិនឲ្យមានការបញ្ចេញលំហូរសាច់ប្រាក់ច្រើន មកក្រៅប្រទេសរបស់រដ្ឋាភិបាលចិន ក៏ដូចជាប្រទេសមួយចំនួនទៀត បានធ្វើឲ្យកម្ពុជា ក៏ដូចជាបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា មានឱកាសងើបឡើងមានសភាពយឺតៗ ជាមួយស្ថានភាពមិនអាចព្យាករណ៍បាន។
ទីផ្សារអចលនទ្រព្យ និងសំណង់បានងើបឡើងយ៉ាងលឿននៅរាជធានីភ្នំពេញ ក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែតជាដើម បាននិងកំពុងស្ថិតក្នុងសញ្ញាមិនទាន់ប្រាកដប្រជានៅឡើយ ស្របពេលស្ថានភាពទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន ជប៉ុន និងបណ្តាប្រទេសជាច្រើនទៀតកំពុងជួបបញ្ហាផងដែរ។
ការរឹតបន្តឹងឥណទានពីធនាគារនានា
ធនាគារពាណិជ្ជធំៗនៅកម្ពុជា បាននិងកំពុងបន្តពង្រឹងគុណភាពឥណទាន និងកំពុងរៀបចំយុទ្ឋសាស្រ្ត កាត់បន្ថយហានិភ័យ ស្របពេលស្ថានភាពបំណុលមានបញ្ហា និងបំណុលស្អុយ បាននិងកំពុងបន្តមានការកើនឡើង។
នាយក អគ្គនាយកធនាគារមួយចំនួន បានឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ធនាគាររបស់ពួកគេ មិនបញ្ចេញឥណទាន សម្រាប់អ្នកអភិវឌ្ឍន៍ក្នុងវិស័យសំណង់ និងអចលនទ្រព្យឡើយនៅដើមឆ្នាំនេះ ប៉ុន្តែស្ថានភាពប្រែប្រួលយ៉ាងណា អាស្រ័យលើមូលដ្ឋានសេដ្ឋកិច្ចជាក់ស្តែង។
អ្នកវិនិយោគស្វែងរកតែដីតម្លៃក្រោមទីផ្សារ
បឹងមួយដែលធ្លាប់មានត្រី១០០០ក្បាល មានអ្នកចាប់ពីមុនត្រឹម៥០នាក់ តែបច្ចុប្បន្នទំហំបឹង និងចំនួនត្រីនៅដដែល ប៉ុន្តែចំនួនអ្នកចាប់បានកើនឡើងដល់៤០០នាក់ ច្បាស់លាស់ណាស់ឱកាសកើបប្រាក់ចំណេញពីវិស័យនេះ ត្រូវបានរួមតូច ស្របពេលចំនួនអ្នកស្វែងរកលាភធំៗ ក្នុងវិស័យនេះក៏បានថយចុះផងដែរ។
ស្ថានភាពទីផ្សារដីធ្លី នៅដើមឆ្នាំ២០២៤នេះ មិនទាន់មានសញ្ញាណាមួយ បង្ហាញពីសញ្ញាកើនឡើងខ្ពស់នៅឡើយទេ ប៉ុន្តែវាបាននិងកំពុងប្រឈមហានិភ័យ នៃការជាប់គាំងរយៈពេលវែង ប៉ុន្តែផ្ទុយទៅវិញប្រសិនជាអ្នកវិនិយោគមានប្រាក់ច្រើន និងមិនមានបញ្ហាលំហូរសាច់ប្រាក់ វាជាឱកាសសម្រាប់រកផលចំណេញនាពេលអនាគត។
ភាពតានតឹងភូមិសាស្រ្តនយោបាយ និងសង្រ្គាម
ភាពតានតឹងភូមិសាស្រ្តនយោបាយ រវាងអាមេរិក និងប្រទេសចិននឹងនៅតែបន្តរយៈពេលវែងតទៅទៀត ខណៈសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន មិនទាន់កំណត់ពេលបញ្ចប់ ស្របពេលសង្រ្គាមរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ព្រមទាំងមានបញ្ហានៅច្រកសមុទ្រដ៏សំខាន់ ដែលជាផ្លូវដឹកជញ្ជូនទំនិញនៅលើពិភពលោក កំពុងរងការគំរាមកំហែង ច្បាស់ណាស់បញ្ហាទាំងនេះ វានឹងបន្តគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងស្ថានភាពសកល។
សរុបមកតើដីធ្លី នឹងងើបឡើងថ្លៃឬយ៉ាងណានៅឆ្នាំនេះ ចំណុចវិភាគខាងលើអាចបញ្ជាក់ និងជាមូលដ្ឋានសម្រាប់វិភាគ និងពិចារណារបស់លោក អ្នកនៅដើមឆ្នាំ២០២៤នេះ៕