ដោយៈ គង់ សូរិយា
ភ្នំពេញៈ សកម្មភាពរបស់អ្នកវិនិយោគស្ងៀមស្ងាត់ បានសម្ងំទិញយកដី ដែលមានតម្លៃក្រោមទីផ្សារ ដោយសារពួកគេមានការរំពឹងឱកាសចំណេញនាពេលអនាគត។
អ្នកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service, Co, Ltdបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីចុងសប្តាហ៍មុនថា ដីដែលមានទីតាំងល្អៗ និងតម្លៃក្រោមទីផ្សារ ត្រូវបានប្រមូលទិញពីអ្នកវិនិយោគ ដែលចូលចិត្តភាពស្ងៀមស្ងាត់។
អ្នកស្រីបន្តថា “មានសកម្មភាព ទិញ លក់ច្រើនក្នុងទីផ្សារ ប៉ុន្តែវាស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ និងជាដីដែលមានតម្លៃល្អៗ ដែលវិនិយោគិនមើលឃើញឱកាសចំណេញ”។ អ្នកស្រីបន្តថា “នៅពេលដីតម្លៃក្រោមទីផ្សារ ត្រូវបានទិញអស់ អ្វីៗនឹងមានសភាពប្រសើរឡើង”។
អ្នកស្រីតាំង ហួរបានបន្តថា កាលពីឆ្នាំ២០២៣ ដីដែលលក់តម្លៃក្រោមទីផ្សារច្រើនហើយ ក៏ពិបាកលក់ឬលក់មិនចេញ ប៉ុន្តែនៅពេលបើកទំព័រឆ្នាំ២០២៤មក ដីស្ថិតនៅលើផ្លូវមេ ទីតាំងល្អៗមានការទិញច្រើន។
អ្នកស្រីបន្តថា “អ្នកមិនហ៊ាន នៅតែមិនទិញ តែអ្នកហ៊ាន គេនៅតែឆ្លៀតឱកាសទិញ”។ អ្នកស្រីបន្តថា “នាពេលបច្ចុប្បន្ននេះ ដីក្រោមតម្លៃទីផ្សារចន្លោះពី៣០ ទៅ៤០ភាគរយ មិនសូវមាននោះទេ ប៉ុន្តែបើមានហើយស្ថិតនៅទីតាំងល្អៗ លើផ្លូវធំៗ នឹងមានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគនានា”៕