ទីក្រុងប៉េកាំងបង្កើនជើងហោះហើររបស់ខ្លួនទៅកាន់ទឹកដី សហរដ្ឋអាមេរិកឡើងវិញ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាយកដ្ឋានដឹកជញ្ជូនអាមេរិក(USDOT) បានទម្លា យឱ្យដឹងថា ប្រទេសចិនគ្រោងបង្កើនជើងហោះហើរ ទៅមកប្រចាំសប្តាហ៍ ជាមួយសហរដ្ឋអាមេរិកបន្ថែម ពីចំនួន៣៥ជើងនាពេលបច្ចុបន្ន ឡើងដល់៥០ជើង ចាប់ពីដំណាច់ខែមីនាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

ប្រភពដដែលបានបន្តថា “ការព្រមព្រៀងគ្នានេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការធ្វើប្រក្រតីភាវូបនីយកម្មបន្ថែមទៀត នៃទីផ្សារទេសចរណ៍រវាងសហរដ្ឋអាមេរិក និងប្រទេសចិន”។

នាយកដ្ឋានដឹកជញ្ជូនអាមេរិក (USDOT) បានបញ្ជាក់ថា ខ្លួនបានរៀបចំកិច្ចសន្ទនា ជាមួយក្រុមនិយតករអាកាសចរណ៍ចិន ដើម្បីអនុវត្តផែនទីចង្អុលផ្លូវ ក្នុងគោលបំណងបើកទីផ្សារសេវាកម្មផ្លូវអាកា សរវាងអាមេរិក និងប្រទេសចិនជាបណ្តើរៗ និងបើកចំហទីផ្សារមួយនេះឱ្យកាន់តែធំនាពេលខាងមុខ។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកមួយចំនួន ដូចជាក្រុមហ៊ុន Delta Air Lines និងក្រុមហ៊ុន United Airlines ជាដើម ដែលបើកការហោះហើរចំនួន៣១ជើង ក្នុងមួយសប្តាហ៍ទៅកាន់ប្រទេសចិន បានអះអាងថា “ក្រុមហ៊ុនគាំទ្រដល់វិធីសាស្រ្តរបស់រដ្ឋាភិបាល ក្នុងការបើកចំហទីផ្សារឡើងវិញដោយសន្សឹមៗ បន្តិចម្តងៗ និងទៅវិញទៅមកជាមួយប្រទេសចិន ហើយវាជាការចាំបាច់ណាស់ ដែលរដ្ឋាភិបាលអាមេរិក ត្រូវបន្តអនុវត្តវិធីសាស្រ្តមួយនេះ”។

ម្យ៉ាងវិញទៀត  ស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ក៏បានបង្ហាញក្តីរីករាយផងដែរ ក្រោយពីបានឃើញវឌ្ឍនភាពជាវិជ្ជមាន ក្នុងការបង្កើនជើងហោះហើរដឹកអ្នកដំណើរ ដោយផ្ទាល់រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។

កាលពីខែសីហា ឆ្នាំ២០២៣ លោកស្រីGina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនមានបំណងជំរុញការធ្វើដំណើរ និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

លើសពីនេះ ប្រសិនបើចំនួនភ្ញៀវទេសចរពីប្រទេសចិន ចូលទៅកាន់សហរដ្ឋអាមេរិក អាចកើនឡើងដល់កម្រិតក្នុងឆ្នាំ២០១៩វិញ នោះ វានឹងផ្តល់ប្រាក់ចំណូល៣០ពាន់លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចអាមេរិក និងបង្កើតការងារ៥០.០០០កន្លែងនៅសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here