ដោយៈ ជេស៊ីកា
ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍នៃទីក្រុងរាម ស្ថិតនៅលើផ្ទៃដី៩៣៤ហិកតា ជាមួយទំហំទុនវិនិយោគរហូតដល់១៦ ពាន់លានដុល្លារត្រៀមបើកសម្ភោធនាពេលឆាប់ៗខាងមុខនេះ។
គំរោងដ៏មហិមានេះ ត្រូវបានអភិវឌ្ឍនន៍ដោយក្រុមហ៊ុន Canopy Sands Development Co.,Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃ ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) របស់អ្នកឧកញ៉ា ចេន ហ្ស៊ី។
គំរោងដែលចំណាយទុនដ៏សម្បើមនេះ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
កាលពីសប្តាហ៍មុន លោក ហង្ស សុតសំភារ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានដឹកនាំមន្ត្រីជំនាញចុះទីតាំងផ្ទាល់ ដើម្បីពិនិត្យ និងផ្តល់យោបល់ ជូនទៅខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តាមសំណើសុំអញ្ជើញសម្តេចធិបតី បើកសម្ភោធនូវគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម Bay of Lights នៅខេត្តព្រះសីហនុ របស់ក្រុមហ៊ុន Canopy Sands Development Co.,Ltd។
ការចុះពិនិត្យទីតាំងគ្រោងបើកសម្ពោធនេះ ក៏មានការចូលរួមពី លោក យូសុះ សូឡៃម៉ាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ប្រធានផ្នែកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ អនុប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ លោកអភិបាលរងនៃគណៈអភិបាលស្រុកព្រៃនប់ និងមន្រ្តីជំនាញជាច្រើនរូបទៀតចូលរួមផងដែរ។
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន Canopy Sands Development Co.,Ltd បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (Prince Real Estate) បើកការដ្ឋានសាងសង់ជំហានដំបូងគម្រោង BAY OF LIGHTS GROUND BREAKING CEREMONY ដែលមានទីតាំងនៅឆ្នេររាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកម្មវិធីនោះក៏មានការអញ្ជើញ ចូលរួមពីសំណាក់លោក គួច ចំរើន អភិបាល ខេត្ដព្រះសីហនុផងដែរ។
យោងតាមផែនការមេ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងរាម ដែលជាគម្រោងអភិវឌ្ឍន៍ លំដាប់ថ្នាក់ពិភពលោក បានចែកជា ៣ជំហានគឺ៖ ជំហានទី១ បញ្ចប់នៅឆ្នាំ២០២៥ ជំហានទី២ បញ្ចប់ឆ្នាំ២០៣៥ និងជំហានទី៣ បញ្ចប់នៅឆ្នាំ២០៤៥ ក្នុងនោះ រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ផ្សេងៗ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន អគារស្នាក់នៅ សាលប្រជុំ សាលសន្និសិទ អគារស្នាក់នៅរួម មជ្ឈមណ្ឌលពាណិជ្ជកម្ម ហិរញ្ញវត្ថុ មជ្ឈមណ្ឌលកីឡា រួមទាំងទីលានកីឡាវាយកូនគោលផងដែរ។
កាលឆ្នាំ២០២២ ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) របស់អ្នកឧកញ៉ា ចេន ហ្ស៊ី ត្រូវបានទទួលស្គាល់ដោយទស្សនាវដ្ដីធុរកិច្ចអន្តរជាតិ ដែលបោះពុម្ពនៅទីក្រុងឌូបៃ ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្អបំផុតនៅកម្ពុជា ក្នុងនោះការវិវឌ្ឍន៍ដ៏សំខាន់មួយ គឺការដាក់ចេញនូវផែនការមេ នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់គម្រោងឆ្នេររាមនៃខេត្តព្រះសីហនុ៕