សម្តេចធិបតីជួបមេដឹកនាំប្រចាំតំបន់ និងថ្នាក់ដឹកនាំក្រុមហ៊ុនធំៗដើម្បីទាក់ទាញរំហូរFDI

0

        ដោយៈ គង់ សូរិយា

        អូស្រ្តាលីៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបមេដឹកនាំមួយចំនួននៃសមាជិកអាស៊ាន និងថ្នាក់ដឹកនាំកក្រុមហ៊ុនធំៗ ដើម្បីទាក់ទាញរំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI)។

       ជំនួបនេះបានធ្វើឡើង ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃក​ម្ពុជា និងលោកជំទាវពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមមកិច្ចប្រជុំកំពូលពិសេសអាស៊ាន អូស្រ្តាលី ដែលនឹងចាប់ផ្តើមពីថ្ងៃទី៥ដល់៦ មិនាខាងមុខនេះ។

       ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកម្ពុជា​ដែលរស់នៅ និងសិក្សានៅប្រទេសអូស្រ្តា​លី និងណូវែលហ្សេឡង់ ប្រកបដោយភាពស្និទ្ឋស្នាលរាក់ទាក់យ៉ាងកក់ក្តៅ បើទោះបីជាមានក្រុមមនុស្សមួយចំនួនតូច បានប្រមូលផ្តុំតវ៉ាចំពោះដំណើរទស្សនកិច្ចនេះក្តី។

       សម្តេចធិបតីឆ្លៀតពេលវេលា ដ៏មមាញឹកជួបជាមួយពិភក្សាការ​ងារជាមួយប្រធានាធិបតីហ្វីលីពីន លោកFerdinand Romualdez Marcos Jr.ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចផងដែរ។

       ទោះបីជាពេលវេលាដ៏មមាញឹកក្តី ប៉ុន្តែសម្តេចធិបតីហ៊ុន ម៉ាណែតបានជួបថ្នាក់ដឹកនាំក្រុមហ៊ុនធំៗជាច្រើន ដូចជា  កាលពីថ្ងៃទី២ ​មិនា សម្តេចបានអនុញ្ញាតអោយ លោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ ។

FreshStart Energy គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Fresh Start Australia ដែលធ្វើអាជីវកម្មលើថាមពលកកើតឡើងវិញ ដោយ​បានចូលរួមចំណែកគិតគូរលើ ការរក្សានូវនិរន្តរភាព និងបរិយា​បន្ន សម្រាប់ពេលអនាគត ។

       ចំណែកនៅថ្ងៃទី៣ មិនា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកស្រី Tennealle O’Shannessy នាយកប្រតិបត្តិ ស្ថាប័ន IDP Education ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

IDP Education គឺជាអង្គភាពឈានមុខគេលើពិភពលោក ក្នុងសេវាកម្មអប់រំលក្ខណៈអន្តរជាតិ។ នៅក្នុងបទពិសោធន៍ជិត៥០ឆ្នាំ នៅក្នុងឧស្សាហកម្មនេះ ដោយបានជួយសិស្សជិត៥០០,០០០នាក់ ឱ្យសិក្សានៅប្រទេសអូស្ត្រាលី កាណាដា នូវែលសេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

IDP Education (Cambodia) បានដំណើរការមជ្ឈមណ្ឌលធ្វើតេស្តផ្លូវការ ដែលដំណើរការយូរជាងគេបំផុតរបស់កម្ពុជា សម្រាប់ការធ្វើតេស្តIELTS ដែលជាការប្រឡងតេស្តសមត្ថភាពភាសាអង់ គ្លេសកម្រិតខ្ពស់ ដ៏ពេញនិយមបំផុតសម្រាប់ការសិក្សា ការងារ និងការធ្វើចំណាកស្រុក។ IELTS ត្រូវបានគ្រប់គ្រងរួមគ្នាដោយ British Council, IDP: IELTS Australia និង Cambridge Assessment English អស់រយៈពេលជាង៣០ឆ្នាំ ដែលមានអ្នកធ្វើតេស្តចំនួន ៤លាននាក់ជារៀងរាល់ឆ្នាំ។

នៅថ្ងៃដដែលនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុ​ញ្ញាតឱ្យលោកTanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ក្រុមហ៊ុន Enserv Holding Australia គឺជាក្រុមហ៊ុនឈានមុខ ក្នុងការបង្កើតថាមពលស្អាត ការកាត់បន្ថយការបំភាយឧស្ម័ន និងបម្រែបម្រួលអាកាសធាតុ ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺដើម្បីផ្តល់នូវ ដំណោះស្រាយថាមពលសម្រេច តាមរយៈការច្នៃប្រឌិត ថាមពលស្អាត និងការបង្កើតថាមពលស្អាត ។

បន្ថែមពីលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនឈានមុខក្នុងការនាំចេញអាហាររបស់ប្រទេសអូស្ត្រាលី ដែលមានទីផ្សារសំខាន់ៗនៅសហរដ្ឋអាមេរិក ប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា ក៏ដូចជាការពង្រីកទីផ្សារនៅទូទាំងអឺរ៉ុប និងអាស៊ី។ ក្រុមហ៊ុន ក៏មានប្រតិបត្តិការ និងទីផ្សារជុំវិញពិភពលោក ពិសេសលើការផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភ ជិត ៥០ ប្រទេសផងដែរ ។

SunRice Group មានចំណាប់អារម្មណ៍ លើផលិតផលអង្ករផ្កាម្លិះរបស់កម្ពុជា ដែលកំពុងមានឈ្មោះបោះសំឡេងស្រាប់ នៅលើទីផ្សារអន្តរជាតិ។

ជាបន្តបន្ទាប់មកទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឱ្យ លោក Daniel Phillips ប្រធានក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ក្នុងជំនួបសម្តែងការ គួរសម និងពិភាក្សាការងារ ។

ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Fresh Start Australia ដោយក្រុមហ៊ុន Aegros ធ្វើអាជីវកម្មក្នុងវិស័យសុខាភិបាល ដែលផ្ដោតលើការផលិតឱសថប្លាស្មា ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ។

ចំណែកក្រុមហ៊ុន Fresh Start Logistics ធ្វើអាជីវកម្មលើប្រព័ន្ធឡូជីស្ទីក និងភស្ដុភារកម្ម  ហើយក្រុមហ៊ុនបានផ្តល់ដំណោះស្រាយផ្នែកដឹកជញ្ជូន ប្រកបដោយភាពច្នៃប្រឌិត និងរស់រវើក។

សម្តេចធិបតីហ៊ុន ម៉ាណែតតែងតែផ្តោតការយកចិត្តទុកដាក់លើការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនអន្តរជាតិ ​មកវិនិយោគនៅកម្ពុជា គ្រប់ពេលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំ និងធ្វើដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសជាមិត្តនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here