ដោយ: គង់ លាងហួរ
បាងកក: បណ្តាក្រុមហ៊ុនសមាជិកក្លឹបឧស្សាហកម្មរុករក និងផលិតប្រេងនៃប្រទេសថៃ បានប្រកាសគាំទ្រដល់រដ្ឋាភិបាលរបស់ខ្លួន ជុំវិញការចរចារ លើការផលិតប្រេងរួមគ្នាដោយប្រទេសថៃ និងកម្ពុជា នៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) នៅឈូងសមុទ្រថៃ។
លោក Nipatsin Yimyam ប្រធានក្លឹបឧស្សាហកម្មរុករក និងផលិតប្រេង ដែលស្ថិតក្រោមចំណុះសហព័ន្ធឧស្សាហកម្មថៃ (FTI) បានមានប្រសាសន៍ឱ្យដឹងថា “ក្លឹបរបស់លោកសូមគាំទ្រការបន្តការចរចាជុំវិញតំបន់ OCA ជាមួយប្រទេសកម្ពុជា”។
នាយកដ្ឋានឥន្ធនៈរ៉ែរបស់ប្រទេសថៃ បានលើកឡើងថា តំបន់ OCA ដែលត្រូវបានទាមទារដោយប្រទេសថៃ និងកម្ពុជា ទំនងជាប្រភពប្រេងថ្មី សម្រាប់ប្រទេសទាំងពីរ ដោយសារទីតាំងនេះស្ថិតនៅជិតប្លុកឧស្ម័ន Bongkot និងប្លុកឧស្ម័ន Erawan។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសថៃកាលពីខែមុន ភាគីទាំង២ បានយល់ព្រមបន្តកិច្ចពិភាក្សាស្តីពីតំបន់OCA ដែលស្ថិតក្នុងភាពជាប់គាំងអស់ជាច្រើនមកហើយ។
លោក Nipatsin បានមានប្រសាសន៍បន្តថា “ប្រសិនបើកិច្ចចរចាទទួលបានជោគជ័យ នោះប្រទេសថៃ និងកម្ពុជានឹងមានប្រភពប្រេងថ្មីមួយ ដែលអាចរួមគ្នាបង្កើតតម្លៃសេដ្ឋកិច្ចដ៏ធំ”។
លោក Nipatsin បានបញ្ជាក់បន្ថែមថា ប្រសិនបើតំបន់ OCA អាចផ្គត់ផ្គង់ឧស្ម័នកាន់តែច្រើន ទៅកាន់ប្រទេសថៃ នោះប្រទេសរបស់យើង នឹងកាត់បន្ថយការពឹងផ្អែក លើការនាំចូលឧស្ម័នធម្មជាតិរាវ(LNG) ដែលមានតម្លៃថ្លៃពីបរទេស។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ធ្លាប់បានប្តេជ្ញាថា ប្រទេសថៃនឹងទាញយក “កំណប់ទ្រព្យ” ពីតំបន់ OCA ដែលត្រូវបានគេជឿថា មានធនធានឥន្ធនៈហ្វូស៊ីលដ៏សម្បូរបែប ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយគ្រប់គ្រងតម្លៃអគ្គិសនី ស្របពេលដែលប្រទេសថៃឆ្ពោះទៅរកថាមពលបៃតង៕