Hattha top Banner

ជិតបញ្ចប់ត្រីមាសទី១ តើវិស័យអចលនទ្រព្យនិងសំណង់មានសភាពដូចម្តេច?

0

        ដោយៈជេស៊ីកា

        ភ្នំពេញៈ ក្រុមអ្នកជំនាញមានសុទិដ្ឋិនិយមជាងឆ្នាំចាស់ សម្រាប់ទីផ្សារសំណង់ និងអចលនទ្រព្យនៅដើមឆ្នាំ២០២៤នេះ ខណៈស្ថានភាពនៃការទិញ លក់ដីធ្លីបានកំរើកឡើងវិញខ្លះៗ។

លោកស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ារៀលអេស្ទេតបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បើទោះបីជាមិនមានចរន្រទិញ លក់សកម្មឡើងវិញខ្លាំងក្តី ប៉ុន្តែទីផ្សារបានបង្ហាញសញ្ញាវិជ្ជមាន ដោយសកម្មភាពទិញ លក់ដីធ្លី ផ្ទះ តម្លៃក្រោមទីផ្សារមានសកម្មភាពឡើងវិញខ្លះៗ។លោកបន្តថា “យើងរំពឹងថាអ្វីៗនឹងកាន់តែប្រសើរ នាពេលខាងមុខនេះ”។

 ចំណែកលោកឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុនLucky Real estateបានមានប្រសាសន៍ឲ្យដឹងស្រដៀងគ្នាថា ទីផ្សារមានសភាពប្រសើរឡើងបណ្តើរៗ ដោយអ្នកមាមបទពិសោធន៍ និងទទួលបានទំនុកចិត្តក្នុងទីផ្សារ នៅតែអាចលក់បានបណ្តើរៗ។ លោកបញ្ជាក់បន្តថា “ប្រសិនជានាយក ឬថ្នាក់ដឹកនាំក្រុមហ៊ុនទាំងនោះ មិនអាចលក់បាន ពួកគេនឹងបិទក្រុមហ៊ុនរបស់ពួកគាត់រួចទៅហើយ មិនអាចនៅដំណើរការបែបនេះទេ”។ លោកបន្តថា “តម្លៃដីនៅលើទីផ្សារមិនទាន់ឡើងទេ តែសកម្មភាពទិញ លក់នៅតែមានលើអចលនទ្រព្យតម្លៃល្អ”។

ជាមួយគ្នានេះ លោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ថា សម្រាប់ដីធ្លីនៅតែមានការទិញលក់ តែជាការទិញដី ដែលមានតម្លៃក្រោមទីផ្សារចន្លោះពី៣០ទៅ៤០ភាគរយ។លោកស្រីបន្តថា “តម្លៃដីធ្លីមិនទាន់កើនឡើងទេនៅឆ្នាំនេះ ប៉ុន្តែអាចកើនឡើង នៅរយៈពេល១ទៅ២ឆ្នាំខាងមុខ ប្រសិនជាស្ថានភាពសេដ្ឋកិច្ចកាន់តែប្រសើរ និងមានលំហូរទុនវិនិយោគផ្ទាល់ពីបរទេសច្រើន”។

ចំណែកលោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារមានភាពប្រសើរឡើង ប៉ុន្តែទាមទារឲ្យរដ្ឋាភិបាលខិតខំបន្ថែមទៀត ក្នុងការផ្សព្វផ្សាយពីឱកាស និងសក្តានុពលវិនិយោគនៅកម្ពុជាទៅកាន់បរទេសឲ្យបានច្រើនបន្ថែមទៀត។លោកបន្តថា “បរិយាកាស ស្ថានភាពសេដ្ឋកិច្ច ស្ថេរភាពនយោ​បាយយើងប្រសើរហើយ ប៉ុន្តែរដ្ឋាភិបាលគួរធ្វើMarketingបន្ថែមសម្រាប់ប្រទេសនេះ”។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជា លោកសន សៀបដែលបានប្រមូលផ្តុំថ្នាក់ដឹកនាំក្រុមហ៊ុនល្បីៗ បង្កើតកម្មវិធីLand Matchingរួមគ្នា ដើម្បីលើកស្ទួយទីផ្សារអចលនទ្រព្យបានប្រសាសន៍ថា ស្ថានភាពទីផ្សារមិនទាន់មាន​សកម្មភាពជាដុំកំភួននៅឡើយទេ ប៉ុន្តែវាមានសញ្ញាវិជ្ជមានជាងឆ្នាំ​២០២៣កន្លងមក។ លោកបានសម្តែងសុទិដ្ឋិនិយមថា “អ្វីៗនឹងប្រសើរ នាពេលខាងមុខ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here