តើមានអ្វីនៅពីក្រោយអវត្តមាននាយករដ្ឋមន្រ្តីចិន លោក Li Qiang ក្នុងសន្និសីទសារព័ត៌មាន?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អ្នកនាំពាក្យសភាប្រជាជនចិន បានទម្លាយឱ្យដឹងថា  បន្ទាប់ពីកិច្ចប្រជុំសភាប្រជាជនចិន បិទបញ្ចប់នៅថ្ងៃទី១១ ខែមីនា នាយករដ្ឋមន្រ្តីចិន លោកLi Qiang នឹងមិនរៀបចំសន្និសីទសារព័ត៌​មានជាមួយអ្នកកាសែតជាតិ និងអន្តរជាតិឡើយ។

ដំណឹងខាងលើនេះ គឺជារឿងដ៏កម្របំផុត ដែលនាយករដ្ឋមន្ត្រីចិនមិនបង្ហាញវត្តមាន ក្នុងសន្និសីទកាសែត ក្រោយកិច្ចប្រជុំសភាប្រជាជនចិនប្រចាំឆ្នាំ។ កិច្ចប្រជុំសភាប្រជាជនចិន ក្នុងឆ្នាំ២០២៤នេះ នឹងចាប់ផ្តើមពីថ្ងៃទី៥ ខែមីនានេះ រហូតដល់ថ្ងៃទី១១ ខែមីនា។
ការរៀបចំសន្និសីទសារព័ត៌មាន ដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីចិន ត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ដើម្បីអនុញ្ញាតឱ្យអ្នកសារព័ត៌មាន អាចសាកសួរសំណួរទៅកាន់នាយករដ្ឋមន្រ្តី ទាក់ទិនទៅនឹងបញ្ហាជាច្រើនដូចជា គោលនយោបាយសេដ្ឋកិច្ច-សង្គម និងទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងៗជាដើម។

លោក Lou Qinjian អ្នកនាំពាក្យសភាប្រជាជនចិន បានអះអាង ដោយមិនបញ្ជាក់ពីមូលហេតុថា “ប្រសិនបើពុំមានកាលៈទេសៈពិសេ​សណាមួយទេ សន្និសីទកាសែតរបស់នាយករដ្ឋមន្រ្តី នឹងមិនត្រូវបានរៀបចំឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខបន្តទៀត”។

ទោះបីជាយ៉ាងណាក្តី ក្រុមអ្នកសារព័ត៌មាននៅតែមានឱកាស ដើម្បីសាកសួរព័ត៌មានពីសំណាក់រដ្ឋមន្រ្តី មន្រ្តីរដ្ឋាភិបាល និងសមា​ជិកសភាប្រមាណជិត៣.០០០រូបផ្សេងទៀត។ លោក Ja Ian Chong សាស្រ្តាចារ្យនៅសកលវិទ្យាល័យជាតិសិង្ហបុរី បានលើកឡើងថា “មូលហេតុដែលលោក Li នឹងអវត្តមាន អាចបណ្តាលមកពី លោកចង់គេចពីការឆ្លើយសំណួររសើបមួយចំនួន ទាក់ទិននឹងបញ្ហាសេដ្ឋកិច្ច និងការថយចុះនៃអត្រាកំណើតជាដើម”។

កិច្ចប្រជុំ ដែលមានរយៈពេលជាច្រើនថ្ងៃនេះ នឹងត្រូវបានតាមដានផ្តោតការយកចិត្តទុកដាក់ ពីមនុស្សជាច្រើន ដើម្បីយល់ដឹងថា តើរដ្ឋាភិបាលចិន នឹងដាក់ចេញវិធានការអ្វីខ្លះ ក្នុងការជំរុញសេដ្ឋកិច្ច ខណៈដែលចិនកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន។

ក្រៅពីបញ្ហាសេដ្ឋកិច្ច កិច្ចប្រជុំសភាប្រជាជនចិន ក៏អាចជជែកពីផែនការថវិកាជាតិ គោលនយោបាយរបស់រដ្ឋាភិបាល ការចំណាយលើវិស័យការពារជាតិ ការតែងតាំងមន្រ្តី និងកែប្រែច្បាប់ស្តីពីការគ្រប់គ្រងក្រុមប្រឹក្សារដ្ឋផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here