មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុស្នើឱ្យគណៈប្រតិភូខេត្តតៃនិញសិក្សាលទ្ធភាពបើករោងចក្រ

0

        ដោយៈ គង់ ហ្វីអូណា

        ព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត អញ្ជើញចូលរួមដំណើរទស្សនកិច្ចសិក្សា ដែលដឹកនាំដោយលោកយ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ.។

ក្នុងដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីលោក លោកជំទាវអភិបាលរង លោក លោកស្រីតំណាងរដ្ឋបាលខេត្ត និងតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង​២៥ រាជធានី-ខេត្ត មន្ត្រីជំនាញជាន់ខ្ពស់ មន្ត្រីជំនាញនៃ អ.គ.ហ. និងមន្ត្រីពាក់ព័ន្ធនានា នៅក្រុមហ៊ុនសាជីវកម្មតំបន់ឧស្សាហកម្មថាញ់ថាញ់កុង។

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងដូចជា​ទី១ ស្វែងយល់អំពីការគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ទី២ សិក្សាពីស្ថានភាពអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម និងគម្រោងអភិវឌ្ឍសេដ្ឋកិច្ចខេត្តជាប់ព្រំដែន ទី៣ ចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រងសាធារណៈ ចំពោះតំបន់ឧស្សាហកម្ម ទី៤ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។

ផ្អែកលើគោលបំណងខាងលើ គណៈប្រតិភូកម្ពុជា បានស្វែងយល់ពីការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងភូមិសាស្ត្រខេត្តតៃនិញ ប្រទេសវៀតណាម ព្រមទាំងបានជួបពិភាក្សាជាមួយ លោកវ៉ ឌឹកត្រុង អនុប្រធានប្រចាំការ នៃគណៈកម្មាធិការប្រជាជនខេត្តតៃនិញផងដែរ។

ក្នុងជំនួបនេះ លោកអភិបាលរងខេត្តព្រះសីហនុ បានធ្វើបទបង្ហាញចែករំលែកអំពីសក្តានុពល នៃការវិនិយោគក្នុងខេត្តព្រះសីហនុ និងបានលើកឡើង អំពីកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៤ ដែលទើបដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងបានសំណូមពរឱ្យភាគីវៀតណាម រៀបចំដំណើរទស្សនកិច្ចសិក្សាមកកាន់ខេត្តព្រះសីហនុ ដើម្បីសិក្សាលទ្ធភាពបើករោងចក្រផលិត ផលិតផលសម្រេច ឬពាក់កណ្តាលសម្រេច សំរាប់បំពេញខ្សែ​ចង្វាក់ផលិតកម្មឱ្យគ្នាទៅវិញទៅមក ដើម្បីបង្កើនឱកាសការងារ បណ្តុះជំនាញ និងការនាំចេញនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here