ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយ ដែលមានឈ្មោះថា Large Infrastructure Projects បានប្រកាសពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ស្ថិតក្រោមគំនិតផ្តួចផ្តើម ABC+De។
គម្រោងដ៏មានមហិច្ឆតានេះ គ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនប្រភេទ Motorway ដែលមានប្រវែង៧៨៦ម៉ាយ(១.២៦៥គីឡូម៉ែត្រ) ដោយតភ្ជាប់បណ្តាប្រទេសសមាជិក របស់សហភាពអឺរ៉ុប (EU) ចំនួន៥ ជាមួយប្រទេសទួរគី ដើម្បីសម្រួលការធ្វើដំណើរនៅទូទាំងទ្វីបអឺរ៉ុប។
គម្រោងផ្លូវល្បឿនលឿននេះ លាតសន្ធឹងទៅលើប្រទេសប៊ុលហ្គារី រូម៉ានី ក្រិច ហុងគ្រី ស្លូវ៉ាគី និងទួរគី។ ផ្លូវល្បឿនលឿននេះ នឹងជួយសម្រួល ដល់ការធ្វើដំណើររវាងតំបន់ភាគឦសាន និងតំបន់ភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប ដែលធ្វើឱ្យការធ្វើដំណើរពីតំបន់បាល់ទិក ទៅកាន់សមុទ្រ Aegean មានភាពរលូន និងមានប្រសិទ្ធភាព។បច្ចុប្បន្ននេះ ការធ្វើដំណើររវាងតំបន់ទាំង២ គឺជាបញ្ហាប្រឈមដ៏ធំធេងមួយ ដោយសារកង្វះនៃការតភ្ជាប់ផ្លូវល្បឿនលឿន ក្នុងតំបន់។ ជាលទ្ធផល អ្នកដំណើរត្រូវបង្ខំចិត្តធ្វើដំណើរតាមផ្លូវ ដែលមានស្រាប់ដោយឆ្លងកាត់តំបន់អឺរ៉ុបកណ្តាល ដែលនាំឱ្យការធ្វើដំណើរត្រូវចំណាយពេលច្រើន និងមានភាពធុញទ្រាន់។
គម្រោងគំនិតផ្តួចផ្តើម ABC+De ត្រូវបានបង្កើតឡើង ក្នុងគោលបំណង លុបបំបាត់ឧបសគ្គទាំងនេះ ដោយបង្កើតបណ្តាញផ្លូវល្បឿនលឿនប្រភេទ Motorway ត្រង់ដោយផ្ទាល់ និងតភ្ជាប់ឱ្យបានយ៉ាងរលូនល្អ។
ក្រុមហ៊ុន Large Infrastructure Projects បានស្រមៃទៅដល់អនាគតមួយ ដែលការបើកបរពីតំបន់បាល់ទិក ទៅកាន់សមុទ្រ Aegean ក្លាយជាការពិតប្រចាំថ្ងៃ និងជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនកាន់តែរលូន និងលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងចំណោមបណ្តាប្រទេសដែលចូលរួម។
គម្រោងផ្លូវល្បឿនលឿននេះ នឹងមិនត្រឹមតែលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ផងដែរ។ ចំណែក ប្រទេសចំនួន៦ ដែលចូលរួមក្នុងគម្រោងនេះ នឹងទទួលបានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលជាលទ្ធផលផ្លែផ្កាកើតចេញពីគម្រោងខ្នាតធំនេះ៕