រដ្ឋមន្ត្រី​ទេសចរណ៍​៖​ ​ច្រក​អន្តរជាតិ​ថ្មដា​-​បាន​ថា​សេន​ ​នឹង​ស្រូប​កំណើន​​ទេសចរ​​មកកាន់​​តំបន់​​អេកូ​ទេសចរណ៍​​នៅ​ជួរភ្នំ​ក្រវាញ​

0

ដោយ វុត្ថា

​ពោធិ៍សាត់​​៖​ ​ពាក់ព័ន្ធ​នឹង​ការ​បើក​ច្រក​ទ្វារ​អន្តរជាតិ​នៅ​ខេត្តពោធិ៍សាត់​ ​និង​ខេត្ត​ត្រា​ត​ ​ប្រទេស​ថៃ​ ​«​ថ្មដា​-​បាន​ថា​សេន​»​ ​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​លោក​ ​ថោង​ ​ខុន​ ​បង្ហាញ​សុទិដ្ឋិនិយម​ថា​ ​ច្រក​ទ្វារ​អន្តរជាតិ​ថ្មីនេះ​នឹង​ជួយ​ស្រូប​យក​កំណើន​ទេសចរ​ពី​ប្រទេស​ថៃ​ ​និង​ទេសចរ​មក​ពី​ប្រទេស​ទីបី​ ​មកកាន់​តំបន់​អេកូ​ទេសចរណ៍​នានា​នៅ​តាម​តំបន់​ជួរភ្នំ​ក្រវាញ​ ​ម្យ៉ាង​វា​ក៏​នឹង​ជួយ​រុញ​លំហូរ​ទេសចរ​ពី​កន្លែង​ផ្សេងទៀត​ ​នៃ​ប្រទេស​កម្ពុជា​ ​ទៅកាន់​តំបន់​អេកូ​ទេសចរណ៍​ទាំងនោះ​ផង​ដែរ​។​
​ការ​ឡើងលើ​ក​នេះ​ធ្វើឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អង្គភាពយោធា​ ​និង​នគរបាល​ដែល​ប្រចាំការ​នៅ​តាម​ព្រំដែន​ ​នា​ថ្ងៃទី០១​ ​ខែមីនា​ ​ឆ្នាំ២០១៩​។​

​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​-​ថៃ​ ​បាន​ឯកភាព​គ្នា​បើក​ច្រក​ទ្វារ​អន្តរជាតិ​ ​ថ្មដា​-​បាន​ថា​សេន​ ​រួចមក​ ​ភាគី​កម្ពុជា​បាន​ខិតខំ​យ៉ាង​សស្រាក់​សស្រាំ​ ​ក្នុង​ការរៀបចំ​ហេដ្ឋារចនាសម្ពន្ធ​សម្រួលការ​ធ្វើដំណើរ​ ​និង​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ ​ដូចជា​ការ​គូរ​ប្លង់​សាងសង់​អគារ​អ្នកដំណើរ​ ​ដែល​មាន​រចនា​សម្ពន្ធ​ស្របតាម​ស្តង់​ដា​អន្តរជាតិ​ ​ចំណតរថយន្ត​ ​Bus​ ​Taxis​ ​កន្លែង​ប្តូរ​ប្រាក់​ ​កន្លែង​រង់ចាំ​ ​បង្គន់​អនាម័យ​សាធារណៈ​ ​ស្ថានីយ​ប្រេង​ ​កន្លែង​លក់ដូរ​ទំនិញ​ ​និង​គម្រោង​ផែនការកម្ម​វិធី​បណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋារ​កិច្ច​ ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​នេះ​។​

​ពិសេស​ជាង​នេះ​ ​ផ្លូវជាតិ​លេខ៥៦​ ​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ការសាងសង់​យ៉ាង​ល្អ​តាម​ស្តង់​ដា​អន្តរជាតិ​ ​ឆ្លង​តា​ត់​ព្រៃភ្នំ​ចម្ងាយ​ប្រមាណ​ ​១៧០គីឡូម៉ែត្រ​ ​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ៥​ ​ដល់​ព្រំដែន​កម្ពុជា​-​ថៃ​។​

​មាន​មតិ​ក្នុង​អង្គពិធី​ ​លោក​ ​ថោង​ ​ខុន​ ​បាន​បង្ហាញ​នូវ​មោទនភាព​ជាតិ​យ៉ាង​ខ្លាំង​ ​ចំពោះ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​ចនា​សម្ពន្ធ​នៅក្នុង​តំបន់​ ​ដែល​ពោរពេញ​ទៅ​ដោយសក្តានុពល​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​ ​នៅ​តំបន់​ជួរភ្នំ​ក្រវាញ​មួយ​នេះ​។​

​លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា​ ​នៅពេល​ដែល​ច្រក​ទ្វារ​អន្តរជាតិ​ ​ត្រូវ​បាន​បើក​ជា​ផ្លូវការ​ហើយ​នោះ​ ​ច្បាស់ជា​នឹង​មាន​លំហូរ​ទេសចរ​ ​និង​អ្នក​វិនិយោគ​ជាតិ​-​អន្តរជាតិ​ទៅកាន់​តំបន់​នេះ​ ​ក៏ដូចជា​នៅ​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​ ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ​។​

​ម្យ៉ាងទៀត​ ​ដោយ​ថ្ងៃខាងមុខ​ដ៏​ខ្លី​នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍​ផ្លូវជាតិ​តភ្ជាប់​ពី​ផ្លូវជាតិ៥៦​ ​ទៅកាន់​ខេត្តកោះកុង​ផង​ដែរ​ ​ដែល​នេះ​គឺជា​ការ​តភ្ជាប់​ទាំង​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​ទេសចរណ៍​ ​ពិសេស​ទៅកាន់​តំបន់​អេកូ​ទេសចរណ៍​ដ៏​ធំ​ ​នៅ​តំបន់​ជួរភ្នំ​ក្រវាញ​នេះ​ ​ដែល​នឹង​ធ្វើ​ឱ្យ​តំបន់​បស្ចិម​ ​និង​និរតី​ ​មានការ​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​។​

​លោក​ដ្ឋ​មន្ត្រី​បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​កម្ពុជា​នឹង​ខិតខំ​សហការ​គ្នា​ជាមួយ​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​ប្រជា​សហគមន៍​ ​អនុវត្ត​គោលនយោបាយ​អេកូ​ទេ​សរ​ណ៍​ជាតិ​ ​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​គុណភាព​។​

​ក្នុង​កិច្ច​សំណេះសំណាល​នោះ​ ​លោក​ឧកញ៉ា​ ​ទ្រី​ ​ភាព​ ​ក៏បាន​ប្រគល់​អំណោយ​ផ្ទះបាយ១ខ្នង​ ​តម្លៃ​ប្រមាណ​ ​៣ម៉ឺន​ដុល្លារ​ ​និង​អំណោយ​ជា​គ្រឿង​ឧបភោគ​-​បរិភោគ​មួយចំនួន​ទៀត​ពី​ប្រតិភូ​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here