ហានិភ័យសេវាអ៊ីនធឺណេតទ្វីបចំនួន៣ប្រឈមការកាត់ផ្តាច់ ខណៈបណ្តាញខ្សែកាបបាតសមុទ្រក្រហមរងការខូចខាត

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការខូចខាតខ្សែកាបក្រោមបាតសមុទ្រ ក្នុងសមុទ្រក្រហម កំពុងរំខានដល់បណ្តាញទូរគមនាគមន៍ និងបង្ខំឱ្យអ្នកផ្តល់សេវាត្រូវប្តូរទិស ចំនួនមួយភាគបួននៃចរាចរណ៍រវាងទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា រួមទាំងចរាចរណ៍អ៊ីនធឺណេតផងដែរ។

យោងតាមប្រភពពីក្រុមហ៊ុនទូរគមនាគមន៍ហុងកុង HGC Global Communications បានឱ្យដឹងថា ខ្សែកាប ដែលជាកម្មសិទ្ធិរបស់បណ្តាញទូរគមនាគមន៍ធំៗចំនួន៤ ត្រូវបានកាត់ផ្តាច់ ដែលបណ្តាលឱ្យមានការរំខាន ដល់បណ្តាញទំនាក់ទំនង នៅតំបន់មជ្ឈិមបូព៌ា។ក្រុមហ៊ុន HGC បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយធ្វើការប៉ាន់ប្រមាណថា “ចំនួន២៥ភាគរយ នៃចរាចរណ៍អ៊ីនធឺណេតរវាងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ព្រមទាំងតំបន់មជ្ឈិមបូព៌ាត្រូវបានរងផលប៉ះពាល់”។

ក្រុមហ៊ុនបានបន្តឱ្យដឹងទៀតថា ខ្លួនកំពុងប្តូរផ្លូវចរាចរណ៍អ៊ីនធឺណេត ដើម្បីកាត់បន្ថយការរំខានដល់អតិថិជន និងពង្រីកការផ្តល់ជំនួយទៅដល់អាជីវកម្មាទាំងឡាយណា ដែលរងផលប៉ះពាល់ផងដែរ។

ទោះជាយ៉ាងណាក្តី ក្រុមហ៊ុន HGC មិន​បាន​បញ្ជាក់ថា​ តើ​ខ្សែ​កាបក្រោមបាតសមុទ្រ បានរងការខូច​ខាតដោយ​របៀប​ណា ឬ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​នោះ​ទេ។ក្រុមហ៊ុនទូរគមនាគមន៍អាហ្វ្រិកខាងត្បូង Seacom ដែលជាម្ចាស់ប្រព័ន្ធខ្សែកាបមួយ ដែលរងផលប៉ះពាល់ដែរនោះ បានថ្លែងប្រាប់កាសែត CNN ថា “ការជួសជុលនឹងមិនទាន់ចាប់ផ្តើមទេ ហើយយើងត្រូវរង់ចាំយ៉ាងហោចណាស់១ខែទៀត ដោយសារតែយើងត្រូវរង់ចាំយូរ មុននឹងទទួលបានការអនុញ្ញាត ឱ្យដំណើរការជួសជុលនៅក្នុងតំបន់នេះ”។

ខ្សែកាបក្រោមបាតសមុទ្រ គឺជាកម្លាំងមើលមិនឃើញ ដែលជំរុញអ៊ីនធឺណេត ដោយខ្សែកាបជាច្រើនទទួលបានមូលនិធិ នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពីក្រុមហ៊ុនអ៊ីនធឺណេតខ្នាតយក្ស ដូចជា Google  Microsoft  Amazon និងMeta។

ការខូចខាតបណ្តាញខ្សែកាបបាតសមុទ្រទាំងនេះ អាចបណ្តាលឱ្យមានការដាច់អ៊ីនធឺណេតយ៉ាងទូលំទូលាយ ដូចដែលធ្លាប់បានកើតឡើង បន្ទាប់ពីការរញ្ជួយដីនៅកោះតៃវ៉ាន់ក្នុងឆ្នាំ២០០៦។

ការខូចខាតខ្សែកាបនៅក្នុងសមុទ្រក្រហម កើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីរដ្ឋាភិបាលប្រទេសយេម៉ែន បានព្រមានអំពីលទ្ធភាព ដែលក្រុមឧទ្ទាម Houthi នឹងកំណត់គោលដៅវាយប្រហារទៅលើខ្សែកាប។ នៅពេលនេះ ក្រុមសកម្មប្រយុទ្ធ Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ បានបង្អាក់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មនៅក្នុងផ្លូវទឹកដ៏សំខាន់។

យោងតាមរបាយការណ៍ កាលពីសប្តាហ៍មុនពីទីភ្នាក់ងារសារព័ត៌មានរបស់អ៊ីស្រាអែល Globes បានចោទប្រកាន់ថា ក្រុម Houthi បានស្ថិតនៅពីក្រោយការបំផ្លាញខ្សែកាបទាំងនេះ។

ឆ្លើយតបនឹងរឿងនេះ មេដឹកនាំក្រុមឧទ្ទាមយេម៉ែន លោក Abdel Malek al-Houthi បានបដិសេធការចោទប្រកាន់នេះ ដោយលើកឡើងថា​ “យើង​មិន​មាន​ចេតនា ​ក្នុង​ការ​កំណត់​គោលដៅ​ខ្សែកាប​ក្រោមសមុទ្រ​ ដែល​ផ្តល់​អ៊ីនធឺណេត​ ទៅដល់​បណ្តាប្រទេស​នៅក្នុង​តំបន់​នោះ​ទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here