តើចរន្តដោះដូរដីធ្លីនៅខេត្តកំពត មានសភាពដូចម្តេចនៅដើមឆ្នាំនេះ ខណៈមូលដ្ឋាននេះពោរពេញដោយសក្តានុពល?

0

        ដោយៈ គង់ សូរិយា

កំពតៈ ខេត្តកំពត ដែលមានសក្តានុពលលើវិស័យទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តផងដែរនោះ នៅតែទាក់ទាញការចាប់អារ​ម្មណ៍លើការទិញ លក់ដីធ្លីឬយ៉ាងណានៅដើមឆ្នាំ២០២៤នេះ?។

អ្នកជំនាញដីធ្លីនៅមូលដ្ឋាន លោកគឹម សង្រ្គាមនាយកប្រតិបត្តិក្រុមហ៊ុន​HIPPO Project Salesបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី៦ មិនាថា គិតរហូតមកទល់ពេលនេះការទិញលក់ដីឡូត៍ ដីលំហែរមានសភាពស្ងប់ស្ងាត់នៅឡើយ ប៉ុន្តែមានចរន្តទិញលក់ដីបែបរមណីយដ្ឋាន ដែលអ្នកទិញភាគច្រើនមកពី​រាជធានីភ្នំពេញ។

លោកបន្តថា “មានសកម្មភាពទិញលក់លើដី ដែលអាចសាងសង់ជារមណីយដ្ឋានតូចធំខ្លះៗ ដែលទំហំទឹកប្រាក់វិនិយោគមានតូច ធំអាស្រ័យលើទីតាំងអំណោយផល”។ លោកបន្តថា “តម្លៃដីនៅក្នុងខេត្តកំពតមិនសូវមានការធ្លាក់ចុះទេ លើកលែងតែម្ចាស់ប្រញាប់លុយ ដែលបានដាក់លក់បន្ទាន់”។

អភិបាលនៃគណៈអភិបាលខេត្តកំពត លោកម៉ៅ ធនិនកាលពីពេលថ្មីៗនេះ បានប្រកាសរៀបចំព្រែកទាំងអស់ក្នុងខេត្តកំពត ជាតំបន់អភិវឌ្ឈន៍ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

ចំណែកលោក យឺ វណ្ណី អ្នកជំនាញដីធ្លីនៅខេត្តកំពត និងធ្លាប់បានអភិវឌ្ឈន៍ដីឡូត៍ផ្ទាល់ខ្លួន ​បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា សម្រាប់អ្វី ដែលលោកផ្តោតនាពេលបច្ចុប្បន្ននេះ គឺផលិតវីដេអូផ្សព្វផ្សាយ ឲ្យម្ចាស់រមណីយដ្ឋាននានា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ស្របពេលទីផ្សារ និងចរន្តទិញលក់ដីធ្លី នៅតែបន្តស្ងប់ស្ងាត់នៅដើមឆ្នាំ២០២៤នេះ។

លោកបន្តថា “យើងសង្ឃឹមថាអ្វីៗ នឹងប្រសើរឡើងនាពេលខាងមុខ ខណៈសេដ្ឋកិច្ចរបស់ប្រទេស កំពុងបង្ហាញកំណើនល្អប្រសើរបណ្តើរៗ។

ក្រៅពីដងព្រែកដ៏ខ្វាត់ខ្វែង ខេត្តកំពតក៏មានសក្តានុពលលើតំបន់កំពូលភ្នំបូកគោ ដែលក្រុមហ៊ុនSokha Real Estateកំពុងសាងសង់ពុទ្ឋបដិមាកំពស់១០៨ម៉ែត្រ នៅចំណុចវាលស្រែ៥០០ ដែលពេល​សាងសង់រួច ពុទ្ឋបដិមានេះ នឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជាច្រើនទៅទស្សនា និងបន់ស្រន់សុំសេចក្តីសុខ ចម្រើននៅក្នុងខេត្តនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here