ប្រមុខរដ្ឋាភិបាលកម្ពុជា-វៀតណាមពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យសំខាន់ៗចំនួន៤

0

        ដោយៈ និស្ស័យ

        អូស្រ្តាលីៈ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានបន្តពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងជំនួបនាព្រឹកថ្ងៃទី៦ មិនា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ផាម មិញជិញ បានស្វាគមន៍គ្នា​ប្រកប​ដោយភាពកក់ក្តៅ និងដោយក្តីសោមនស្សរីករាយ។ លោក ផាម មិញជិញ បានអបអរសាទរកម្ពុជា​ចំពោះ​ជោគជ័យ លើការរៀបចំការបោះឆ្នោតជ្រើសតាំងសមា​ជិកព្រឹទ្ធសភា នីតិកាលទី៥ ក៏ដូចជាអបអរសាទរ​គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះលើការបោះឆ្នោត ដោយទទួលបាន៥៥អាសនៈ។

សម្តេចធិបតីហ៊ុន ម៉ាណែត បានស្វាគមន៍ដោយក្ដីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគី​ជាមួយ​ នាយក​រដ្ឋមន្ត្រីវៀតណាមជាថ្មីម្ដងទៀត។ សម្តេចធិបតី ចាត់ទុកជំនួបពិភាក្សា​ជាការពង្រឹងកិច្ចសហប្រតិ​បត្តិការ ដែលបានឯកភាពគ្នានាពេលកន្លងមក និងការបន្តពិភា​ក្សា លើកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគត​បន្ថែមទៀត។

សម្តេចធិបតី និងនាយករដ្ឋមន្ត្រីវៀតណាម បានពិភាក្សាគ្នាផ្តោតជាសំខាន់លើវិស័យគន្លឹះ ដែលជាកម្មវត្ថុ​នៃ​ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម រវាងកម្ពុជា និងវៀតណាម ដែលរួមមានដូចជា៖ វិស័យ​ការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវលឿន ភ្នំពេញ​-​បាវិត-ហូជីមិញជាដើម។

ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការការងារ ត្រីភាគីCLV, ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ថា ថ្ងៃ​ខាង​មុខ នឹងមានការរៀបចំកិច្ចប្រជុំកំពូល CLV លើកទី១២ ហើយបានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នមួយ​ចំនួន​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នា ក្នុងក្របខ័ណ្ឌ CLV បន្ថែមទៀត។

ដោយឡែកក្នុងវិស័យទេសចរណ៍ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពឱ្យក្រសួងទេសចរណ៍​បង្កើនកិច្ច​ពិភាក្សា ​ដើម្បីស្វែងរកឱកាសក្នុងការជំរុញកំណើនទេសចរណ៍ក្នុងប្រទេសទាំងបី។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ​ទាំងពីរក៏បានពិភាក្សាគ្នា លើកិច្ចការមួយចំនួន ដែលជាផលប្រយោជន៍រួម សម្រាប់ប្រទេសកម្ពុជា និង​ប្រ​ទេស​វៀតណាមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here