ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ឡាវ Lao Airline នឹងដាក់ដំណើរការនូវជើងហោះហើរត្រង់ រវាងរដ្ឋធានី វៀងចន្ទន៍ (Vientiane) របស់ឡាវ និងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។
ជើងហោះហើរនេះ នឹងចាប់ពីថ្ងៃទី១៩ ខែមីនានេះតទៅ។ ការដាក់ដំណើរការនូវជើងហោះហើរត្រង់នេះ ត្រូវបានគេដឹងថា ធ្វើឡើងក្នុងគោលបំណង ជួយជម្រុញដល់វិស័យទេសចរណ៍ និងការវិនិយោគបន្ថែម នៅក្នុងប្រទេសតែមួយគត់ ដែលគ្មានព្រំដែនសមុទ្រក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ការហោះហើរត្រង់រវាងរដ្ឋធានីវៀងចន្ទន៍ និងរាជធានីភ្នំពេញនេះ គ្រោងនឹងដាក់ដំណើរការដំបូងចំនួន៣ដង ក្នុងមួយសប្តាហ៍ ពោលគឺនៅរៀងរាល់ថ្ងៃអង្គារ, ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ដោយរយៈពេលហោះហើរ មានថេរវេលាប្រហែល១,២០នាទីរសៀល។
តាមគម្រោងដំបូង ការធ្វើដំណើរហោះចេញពីរដ្ឋធានី វៀងចន្ទន៍ នឹងធ្វើឡើងនៅម៉ោង៨៖៣០នាទីព្រឹក ខណៈធ្វើដំណើរត្រឡប់ពីរាជធានីភ្នំពេញវិញ នៅវេលាម៉ោង១០៖៥០នាទីព្រឹក។
យោងតាមប្រភពពីវិទ្យុជាតិឡាវបានឱ្យដឹងថា ជើងហោះហើរបន្ថែម អាចនឹងត្រូវពិចារណានាពេលក្រោយ ដោយផ្អែកតាមតម្រូវការជាក់ស្ដែងនៃអ្នកដំណើរ។ កន្លងមក ការធ្វើដំណើរតាមផ្លូវអាកាសរវាងទីក្រុងធំបំផុតនៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ) ភាគច្រើនត្រូវមានការចូលផ្លាស់ប្តូរជើងយន្តហោះ នៅអាកាសយានដ្ឋានរបស់ប្រទេសថៃ៕