ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia រំពឹងចាប់ផ្តើមបើកប្រតិបត្តិការនៅឆ្នាំ២០២៤នេះ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុន AirAsia Cambodia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបើកប្រតិបត្តិការ នៅពាក់កណ្តាលឆ្នាំ២០២៤នេះ ដែលយឺតជាងការគ្រោងទុកដំបូងចំនួន៦ខែ។

ជាមួយគ្នានោះ ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីមួយនេះ ត្រូវបានរំពឹងថា នឹងបើកដំណើរការក្រុមហ៊ុនអាកាសចរណ៍ មួយផ្សេងទៀតនៅក្នុងតំបន់។ នេះបើយោងតាមសារពត៌មាន Flight Global។

បន្ទាប់ពីការចេញផ្សាយលទ្ធផលប្រចាំឆ្នាំ របស់ក្រុមហ៊ុនមេ Capital A រួចមក  ក្រុមហ៊ុនអាកាសចរណ៍ AirAsia មិនបានបញ្ជាក់ពីប្រទេស ដែលខ្លួនមានបំណងបង្កើតបុត្រសម្ព័ន្ធថ្មីនោះទេ។ ប៉ុន្តែ ក្រុម​ហ៊ុននេះ​ធ្លាប់​បាន​បញ្ជាក់​ថា​ ខ្លួននឹង​ផ្តោត​លើ​បណ្តាប្រទេស​អាស៊ាន។

នេះមិនមែនជាលើកទីមួយឡើយ ដែលក្រុមហ៊ុនអាកាសចរណ៍ បានទម្លាយឱ្យដឹង អំពីគោលបំណងរបស់ខ្លួន ក្នុងការបង្កើតអង្គភាពថ្មីៗនៅក្នុងតំបន់អាស៊ាន។

តួយ៉ាង នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣  លោក Tony Fernandes ប្រធានក្រុមហ៊ុន Capital A បានលើកឡើងថា ក្រុមហ៊ុនរបស់លោក គ្រោងបង្កើតបុត្រសម្ព័ន្ធ ចំនួន២បន្ថែមទៀតនៅក្នុងតំបន់ ហើយព័ត៌​មានលម្អិត នឹងបញ្ចេញឱ្យដឹងនៅចុងឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ដែលជាបុត្រសម្ព័ន្ធទី៥ របស់ក្រុមហ៊ុន AirAsia ដើមឡើយ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ២០២៣។ ប៉ុន្តែផែនការត្រូវបានពន្យា​ពេលមកទល់បច្ចុប្បន្ននេះ  ខណៈក្រុមហ៊ុនមិនបានបង្ហាញឱ្យដឹងពីមូលហេតុនោះទេ។

ម្យ៉ាងវិញទៀត ក្រុមហ៊ុនAirAsia Group កាន់កាប់ភាគហ៊ុនចំនួន៥១% នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia  ខណៈដែលក្រុមហ៊ុនកម្ពុជា Sivilai Asia កាន់កាប់ភាគហ៊ុនដែលនៅសេសសល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here