ផ្លូវរូងក្រោមទឹកដ៏វែងបំផុតតម្លៃ១០,៩ពាន់លានដុល្លារ គ្រោងនឹងបើកសម្ពោធនៅឆ្នាំ២០២៩ខាងមុខ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសដាណឺម៉ាក និងប្រទេសអាល្លឺម៉ង់ នឹងត្រូវបានតភ្ជាប់គ្នាក្នុងពេលឆាប់ៗនេះ តាមរយៈផ្លូវរូងក្រោមទឹក ដែលមានប្រវែងចំនួន១៨គីឡូម៉ែត្រ។ នេះបើយោងតាមសារពត៌មាន Euronews។

ផ្លូវរូងក្រោមទឹកដែលមានឈ្មោះថា Fehmarnbelt នឹងក្លាយជាបណ្តាញផ្លូវរថភ្លើង និងផ្លូវល្បឿនលឿនប្រភេទ Motorway ក្រោមទឹកដ៏វែងបំផុតរបស់ពិភពលោក នៅពេលដែលគម្រោងនេះ ត្រូវបានបញ្ចប់សាងសង់រួចរាល់ នៅត្រឹមឆ្នាំ២០២៩ខាងមុខ។

គម្រោងតម្លៃ១០ពាន់លានអឺរ៉ូនេះ (ប្រហែល១០,៩ពាន់លានដុល្លារ)  ដែលឆ្លងកាត់សមុទ្របាល់ទិក និងត្រូវបានគេស្គាល់ថា ជាខ្សែក្រវ៉ាត់ Fehmarn នឹងតភ្ជាប់ទីក្រុង Rødbyhavn នៅលើកោះ Lolland របស់ប្រទេសដាណឺម៉ាក និងទីក្រុងPuttgarden នៅភាគខាងជើងនៃប្រទេសអាល្លឺម៉ង់។

ផ្លូវរូងក្រោមទឹកនេះ មានឈ្មោះជាផ្លូវការថា Fehmarnbelt Fixed Link ដែលនឹងមានផ្លូវល្បឿនលឿនប្រភេទ Motorway ចំនួនពីរគន្លង និងផ្លូវដែកអគ្គិសនីចំនួនពីរខ្សែ។

ការធ្វើដំណើរឆ្លងកាត់ផ្លូវនេះ នឹងចំណាយពេល៧នាទីតាមរយៈរថភ្លើង និង១០នាទីតាមរយៈថយន្ត។ ចំណែក ពេលវេលាធ្វើដំណើរតាមរថភ្លើងពីទីក្រុង Hamburg ក្នុងប្រទេសអាល្លឺម៉ង់ ទៅកាន់រដ្ឋធានី Copenhagen ក្នុងប្រទេសដាណឺម៉ាក នឹងត្រូវកាត់បន្ថយពីប្រហែល៥ម៉ោងមកនៅត្រឹមតិចជាង៣ម៉ោង។

ការតភ្ជាប់ផ្លូវនេះ នឹងជំនួសសេវាកម្មសាឡាង ដ៏មមាញឹកមិនគួរឱ្យជឿ ដែលដឹកអ្នកដំណើររាប់លាននាក់ក្នុងមួយឆ្នាំ ដែលនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរជិតមួយម៉ោង។

គំនិតនៃការតភ្ជាប់អាល្លឺម៉ង់ជាមួយដាណឺម៉ាក ជាមួយនឹងផ្លូវរូងក្រោមទឹកមិនមែនជារឿងថ្មីទេ។ ជាក់ស្តែង បន្ទាប់ពីរៀបចំផែនការរយៈពេល១០ឆ្នាំ ការសាងសង់កំណាត់ផ្លូវខាងដាណឺម៉ាក បានចាប់ផ្តើមនៅឆ្នាំ២០២០  ហើយបន្ទាប់មក ការសាងសង់កំណាត់ផ្លូវខាងអាល្លឺម៉ង់បានចាប់ផ្តើមឡើងនៅឆ្នាំ២០២១។

ការសាងសង់ផ្លូវរូងក្រោមទឹកនេះ នឹងត្រូវចំណាយថវិកាសរុបចំនួន១០ពាន់លានអឺរ៉ូ ដោយសហភាពអឺរ៉ុប បានរួមចំណែកផ្តល់ថវិកាចំនួន១,១ពាន់លានអឺរ៉ូ សម្រាប់ស្ថាបនាគម្រោងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here