ដោយៈ និស្ស័យ
ភ្នំពេញៈ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំតម្រោងបញ្ជរតែមួយជាតិ “គ.ជ.ប. ជ” បានដឹកនាំកិច្ចប្រជុំលើកទី៤ គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ។
កិច្ចប្រជុំកាលពីថ្ងៃទី៧ មិនា មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមន្ត្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។
-->
គោលបំណងសំខាន់ នៃកិច្ចប្រជុំតីដើម្បីពិនិត្យ វឌ្ឍនភាពនៃការអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី៣ និងប្រកាសដាក់ឱ្យ អនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៤ ព្រមទាំងលើកទិសដៅអនុវត្តបន្ត និងពិនិត្យ តាមដាន វឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមនៃការ អនុវត្តគម្រោងបញ្ជរតែមួយជាតិ យោងអនុក្រឹត្យលេខ ៦៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ២៥ អនក្រ.បក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំគម្រោង បញ្ជរតែមួយជាតិ។
លោកអគ្គបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានសំដែងកិច្ចស្វាគមន៍ចំពោះតំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមកិច្ចប្រជុំតាមការអញ្ជើញ និងបានលើក ឡើងពីសារៈសំខាន់នៃប្រព័ន្ធបញ្ជរតែមួយជាតិ ក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការអនុវត្តការងារ ពាក់ព័ន្ធនឹងទំនិញនាំចេញ-នាំចូល សំដៅចូលរួមចំណែកក្នុងកិច្ច សម្រួលពាណិជ្ជកម្មអន្តរជាតិ និងការបំពេញ កាតព្វកិច្ចកម្ពុជាក្នុងក្របខណ្ឌអាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
