ការធ្វើឌីជីថលនីយកម្មយ៉ាងឆាប់រហ័សរបស់តំបន់អាស៊ីអាចបង្ក ជាហានិភ័យហិរញ្ញវត្ថុថ្មី

0

ដោយ: គង់ លាងហួរ

តូក្យូ: លោក Kazuo Ueda ទេសាភិបាលធនាគារកណ្តាលជប៉ុន (BOJ) បានអះអាងកាលពីថ្ងៃពុធម្សិលមិញនេះថា ការធ្វើឌីជីថលនីយកម្ម ផ្នែកហិរញ្ញវត្ថុលឿនពេកនៅតំបន់អាស៊ី អាចបង្កទៅជាហានិភ័យថ្មី ដល់ស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ។

ទេសាភិបាលធនាគារកណ្តាលជប៉ុនរូបនេះ បានសង្កត់ធ្ងន់ថា ការថ្លឹងថ្លែងឱ្យបានត្រឹមត្រូវ រវាងអត្ថប្រយោជន៍ និងការចំណាយលើការច្នៃប្រឌិតហិរញ្ញវត្ថុ គឺមានសារៈសំខាន់ជាចាំបាច់ណាស់។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters។

តួយ៉ាង បច្ចុប្បន្ននេះ សេវាហិរញ្ញវត្ថុឌីជីថលបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈប្រជាជនជាច្រើន ដែលរស់នៅក្នុងបណ្តាប្រទេសកំពុងរីកចម្រើន បានងាកទៅប្រើប្រាស់ស្មាតហ្វូនក្នុងការទូទាត់ប្រាក់ប្រចាំថ្ងៃ។

លោក Ueda បានលើកឡើងថា “ស្របពេលដែលការវិវឌ្ឍន៍ទាំងនេះបានពង្រឹងបរិយាប័នហិរញ្ញវត្ថុ ប៉ុន្តែក្នុងបរិបទបែបនេះ ក៏ទាម ទារឱ្យអ្នកបង្កើតគោលនយោបាយ ត្រូវខិតខំគ្រប់គ្រងហានិភ័យសុវត្ថិភាពអុីនធឺណេត និងពង្រឹងបទប្បញ្ញត្តិ ប្រឆាំងនឹងការលាងលុយកខ្វក់ផងដែរ”។

លោក Ueda បានថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំជាន់ខ្ពស់អាស៊ីប៉ាស៊ីហ្វិកស្តីពី ការត្រួតពិនិត្យធនាគារ ថា “ទ្រព្យសកម្មគ្រីបតូ បច្ចេកវិទ្យា Tokenisation បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីផ្សេងទៀតអាចនាំមកនូវឱកាស ប៉ុន្តែពួកគេក៏អាចបង្កហានិភ័យដល់ប្រព័ន្ធ​ហិរញ្ញវត្ថុផងដែរ”។

លោកបានមានប្រសាសន៍ឱ្យដឹងទៀតថា “បញ្ហាប្រឈមដ៏សំខា​ន់មួយ សម្រាប់ក្រុមអាជ្ញាធរហិរញ្ញវត្ថុ គឺត្រូវទាញយកអត្ថប្រយោជន៍ពីឌីជីថលនីយកម្មហិរញ្ញវត្ថុផង និងត្រូវខិតខំគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពផង ដើម្បីធានាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថ”។

លោក Ueda បានបញ្ជាក់បន្ថែមថា “ស្របពេលដែលសេវាហិរញ្ញវត្ថុ និងអ្នកផ្តល់សេវាបន្តធ្វើពិពិធកម្ម ហេតុនេះ ការអនុម័តយកគោលការណ៍ នៃការអនុវត្តបទប្បញ្ញត្តិដោយស្មើភាពគ្នា សម្រាប់ប្រភេទដូចគ្នានៃសកម្មភាពហិរញ្ញវត្ថុ និងហានិភ័យ គឺមានសារៈសំខាន់កាន់តែខ្លាំងឡើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here