ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអចលនទ្រព្យនៅក្នុងប្រទេសអូស្ត្រាលី កំពុងកើនឡើងយ៉ាងគំហុក ដែលបង្កជាការលំបាកដល់សិស្ស និស្សិតបរទេស ដែលមកសិក្សាស្នាក់នៅប្រទេសមួយនេះ។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Vnexpress។
បន្ទាប់ពីសិក្សាផ្នែកសេដ្ឋកិច្ច នៅក្នុងប្រទេសអូស្ត្រាលីអស់ជិត២ឆ្នាំ បុគ្គលម្នាក់ឈ្មោះ Ly រំពឹងថា តម្លៃផ្ទះជួល ដែលគាត់ស្នាក់នៅនឹងបន្តកើនឡើង ស្របពេលដែលមានវិបត្តិលំនៅដ្ឋាន។
បុគ្គលឈ្មោះ Ly ភេទប្រុស ដែលជានិស្សិតវៀតណាមអាយុ២១ឆ្នាំ សិក្សានៅសាកលវិទ្យាល័យ RMIT ក្នុងទីក្រុង Melbourne បានបញ្ជាក់ប្រាប់សារពត៌មាន VnExpress International ថា “តម្លៃផ្ទះជួលបានកើនឡើងច្រើនណាស់”។
ទោះជាយ៉ាងនេះក្តី នៅពេលដែលនិស្សិតឈ្មោះ Ly ធ្វើដំណើរមកដល់ប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០២២ តម្លៃផ្ទះជួលបានកើនឡើងខ្ពស់រួចទៅហើយ ហើយចំនួននិស្សិតអន្តរជាតិ ដែលកំពុងស្វែងរកកន្លែងស្នាក់នៅក៏កើនឡើងផងដែរ។
ដោយសារមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីគ្រួសាររបស់គាត់ និស្សិតរូបនេះ អាចមានលទ្ធភាពជួលផ្ទះ ដែលមានបន្ទប់គេងចំនួន២ នៅជិតសាលារៀនរបស់គាត់ ក្នុងតម្លៃជាង៣០០ដុល្លារអូស្ត្រាលី (ប្រហែល១៩៦,៤៤ដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍។
ប៉ុន្តែ នៅចុងឆ្នាំ២០២៣ ការចំណាយទៅលើថ្លៃជួលផ្ទះ បានកើនឡើងជិត៣៦ភាគរយ ដល់៤១០ដុល្លារអូស្ត្រាលី(ប្រហែល២៧០ដុល្លារអាមេរិក)ក្នុងមួយសប្តាហ៍។
លោក Ly បានអះអាងថា និស្សិតអន្តរជាតិមួយចំនួនបានចំណាយពេលយូរ ដើម្បីស្វែងរកលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ និងស្នាក់នៅសម្រាប់ឆ្នាំសិក្សារបស់ពួកគេ។
លោកLy និងមិត្តភ័ក្តិរបស់លោក ស្ថិតក្នុងចំណោមសិស្សនិស្សិតអន្តរជាតិផ្សេងៗឯទៀត ដែលឆ្លងកាត់ការសិក្សានៅបរទេសដូចជា ប្រទេសអូស្ត្រាលី អង់គ្លេស និងកាណាដា ដែលពួកគេកំពុងជួបការលំបាក ក្នុងការស្វែងរកកន្លែងស្នាក់នៅ ស្របពេលការផ្គត់ផ្គង់លំនៅដ្ឋានធ្លាក់ចុះ ហើយតម្លៃជួលបានហក់ឡើងខ្ពស់មិនធ្លាប់មាន។
យោងតាមរបាយការណ៍ Student Housing Annual Report របស់ក្រុមហ៊ុនស្រាវជ្រាវ BONARD បង្ហាញថា ការផ្គត់ផ្គង់កន្លែងស្នាក់នៅសម្រាប់សិស្ស នៅតំបន់អឺរ៉ុប អូស្ត្រាលី និងកាណាដា មិនឆ្លើយតបនឹងតម្រូវការ ដោយសារតែការថយចុះនៃសកម្មភាពសំណង់។
យោងតាមការសិក្សា ដែលបានវិភាគលើកន្លែងស្នាក់នៅរបស់សិស្សចំនួន១៤.២១៧នាក់ នៅទូទាំងទ្វីបអឺរ៉ុប អូស្ត្រាលី និងកាណាដាបានបង្ហាញថា ថ្លៃជួលផ្ទះនៅកាណាដា បានកើនឡើងខ្ពស់បំផុត ជាមួយនឹងអត្រាប្រចាំឆ្នាំ១៥% តាមពីក្រោយដោយចក្រភពអង់គ្លេស ជាមួយនឹងអត្រាប្រចាំឆ្នាំ១២,៩%៕