ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារខ្ពស់កប់ពពក Lusail Towers កំពុងត្រៀមខ្លួន ដើម្បីដណ្តើមតំណែងជាអគារខ្ពស់ជាងគេបំផុត របស់ប្រទេសកាតា ខណៈអគារថ្មីនេះនឹងឡើងមកផ្តួលម្ចាស់ ឯតទគ្គកម្មបច្ចុប្បន្ន គឺអគារ The Torch Doha។
អគារ Lusail Tower ដែលមានកម្ពស់៣០១ម៉ែត្រ ជិតបញ្ចប់ការសាងសង់ហើយ។ អគារនេះត្រូវបានរចនាម៉ូដឡើងជាពិសេសដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីឈ្មោះ Foster and Partners។
អគារ Lusail Tower ត្រូវបានបំពាក់ដោយកញ្ចក់ការពារកំដៅថ្ងៃអាលុយមីញ៉ូម ដែលមានសមត្ថភាពជួយកាត់បន្ថយកាំរស្មីព្រះអាទិត្យចំនួន៧០% ដែលខុសប្លែកពីអគារផ្សេងៗ ដែលបំពាក់ដោយកញ្ចក់ធម្មតា។
យោងតាមសារពត៌មាន CNN បានចុះផ្សាយកាលពីដំណាច់ខែកុម្ភៈកន្លងទៅថា អគារ Lusail Towerនេះ បានចាប់ផ្តើមសាងសង់ឡើង កាលពីខែមករា ឆ្នាំ២០២០ ដោយគ្រោងនឹងបញ្ចប់ជាដំណាក់កាលក្នុងរយៈពេល១២ខែខាងមុខ។
អគារដ៏ប្រណីតនេះមានទីតាំងនៅទីក្រុង Lusail និងជាផ្នែកមួយនៃគម្រោង ដែលមានផ្ទៃដីសរុបទំហំ១,១លានម៉ែត្រការ៉េ ដោយបណ្តុំអគារមានចំនួន៤ប្លុកដាច់ដោយឡែកពីគ្នា ដែលក្នុងនោះ ២ប្លុកមានកម្ពស់៧០ជាន់ និងប្លុក២ទៀតមានកម្ពស់៥០ជាន់។
ប៉មនីមួយៗត្រូវបានគេរំពឹងថា នឹងក្លាយទៅជាមជ្ឈមណ្ឌល សម្រាប់ស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសកាតា។ ទោះជាយ៉ាងណាក្តី ដើម្បីដោះស្រាយបញ្ហាអាកាសធាតុក្តៅក្នុងប្រទេសកាតា ក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេស Foster + Partners បានលុបបំបាត់សម្ភារៈមួយចំនួន ដែលប្រើជាទូទៅសម្រាប់សាងសង់អគារខ្ពស់កប់ពពក នៅក្នុងប្រទេសដែលមានអាកាសធាតុត្រជាក់។
លើសពីនេះ អគារ Lusail Towers មានបំពាក់នូវប្រព័ន្ធការពារកម្តៅថ្ងៃ និងប្រព័ន្ធខ្យល់ចេញចូលដ៏ទំនើប រីឯ ផ្នែកខាងក្រៅអគារវិញ ត្រូវបានពាសដោយអាលុយមីញ៉ូម ដើម្បីការពារកញ្ចក់ពីកំដៅថ្ងៃខ្លាំង៕