ដោយ: គង់ លាងហួរ
ប៉េកាំង: ទំហំនៃការនាំចេញ និងនាំចូលរបស់ប្រទេសចិន ក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានកើនឡើងលើសពីការព្យាករណ៍។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters។
កំណើននេះបង្ហាញថា ពាណិជ្ជកម្មពិភពលោកកំពុងចាប់ផ្តើមល្អប្រសើរឡើងវិញ ហើយក៏ជាសញ្ញាលើកទឹកចិត្តមួយសម្រាប់ក្រុមអ្នកបង្កើតគោលនយោបាយផងដែរ។
ចិន ពុំមែនជាប្រទេសតែមួយគត់ ដែលសម្រេចបានកំណើនលើការនាំចេញនោះទេ សូម្បីតែ ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង ប្រទេសអាល្លឺម៉ង់ និងកោះតៃវ៉ាន់ ក៏សុទ្ធតែបានកើនឡើងលើសការព្យាករណ៍ផងដែរ ក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២៤នេះ។
យោងតាមទិន្នន័យគយបានបង្ហាញថា ការនាំចេញពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២ របស់ពិភពលោកមួយនេះក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២៤ បានកើនឡើង៧,១% បើធៀបនឹងឆ្នាំមុន ដោយវ៉ាដាច់លើការស្ទង់មតិរបស់សារពត៌មាន Reuters ដែលរំពឹងថា នឹងកើនឡើងត្រឹមតែ១,៩%។
ចំណែកឯ ការនាំចូលរបស់ប្រទេសចិនវិញ បានកើនឡើង៣,៥ភាគរយ ក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២៤នេះដូចគ្នា បើធៀបនឹងការព្យាករណ៍តាមរយៈការស្ទង់មតិ ដែលរំពឹងថា នឹងសម្រេចបានកំណើនត្រឹមតែ១,៥%។
លោក Xu Tianchen សេដ្ឋវិទូជាន់ខ្ពស់នៅស្ថាប័នវិភាគស្រាវជ្រាវផ្នែកសេដ្ឋកិច្ច Economist Intelligence Unit បានលើកឡើងថា “ទិន្នន័យល្អប្រសើរជាងការព្យាករណ៍ទាំងនេះ បានឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញនៃពាណិជ្ជកម្មសកល ដែលជំរុញដោយវិស័យអេឡិចត្រូនិក”។
កាលពីថ្ងៃអង្គារ ទី៥ ខែមីនា កន្លងទៅថ្មីៗនេះ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានប្រកាសដាក់ចេញគោលដៅកំណើនសេដ្ឋកិច្ចចិន សម្រាប់ឆ្នាំ២០២៤នេះ ដូចទៅនឹងឆ្នាំមុនដែរ ដែលស្ថិតក្នុងរង្វង់ប្រហែល៥ភាគរយ។
ជាមួយគ្នានេះ ក្រុមអ្នកបង្កើតគោលនយោបាយចិន បាននិងកំពុងខិតខំព្យាយាមស្តារសេដ្ឋកិច្ចឡើងវិញ ស្របពេលមានវិបត្តិអចលនទ្រព្យ អ្នកប្រើប្រាស់ឈប់ចាយវាយច្រើនដូចមុន ក្រុមហ៊ុនបរទេសបានដកខ្លួនចេញ កង្វះការបញ្ជាទិញ ហើយរដ្ឋបាលក្នុងតំបន់កំពុងប្រឈមមុខនឹងបន្ទុកបំណុលដ៏ធំ៕