កម្ពុជាសម្រេចបានកំណើនលំហូរវិនិយោគផ្ទាល់ពីបរទេស ក្នុងរង្វង់៥០០ភាគរយ ក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២៤នេះ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យទី១០ ខែមីនា បានឱ្យដឹងថា កម្ពុជាបានទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI)សរុបជាទឹកប្រាក់ចំនួន១,៣៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២៤នេះ។

ទំហំទុនវិនិយោគខាងលើនេះតំណាងឱ្យការកើនឡើងគួរឱ្យកត់សម្គាល់ប្រហែល៥០០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែលបានបន្តថា ដើមទុនប្រហែល៥៤៥លានដុល្លារអាមេរិក ឬស្មើនឹង៣៩ភាគរយនៃដើមទុនវិនិយោគសរុប គឺមានប្រភពមកពីប្រទេសចិន ក្នុងអំឡុងខែមករាដល់ខែកុម្ភៈឆ្នាំ២០២៤នេះ។

ប្រភពខាងលើអះអាងថា គម្រោងវិនិយោគសំខាន់ៗ រួមមាន រោងចក្រផលិតគ្រឿងអេឡិចត្រូនិក រោងចក្រដំឡើងកង់អេឡិចត្រូនិក និងម៉ូតូ រោងចក្រស្លដែក រោងចក្រកាត់ដេរ និងវាយនភណ្ឌ រោងចក្រកែច្នៃផ្លែឈើ និងសណ្ឋាគារប្រណីត ក្នុងចំណោមគម្រោងផ្សេងៗទៀត។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងច្បាប់ថ្មីរបស់កម្ពុជាស្តីពីការវិនិយោគ គឺជាកត្តាសំខាន់ ក្នុងការទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើនចូលមកកាន់ប្រទេសកម្ពុជា”។

លោកបានថ្លែងប្រាប់សារពត៌មាន Xinhua ថា “កិច្ចព្រមព្រៀងRCEP និងកិច្ចព្រមព្រៀង CCFTA គឺជាមេដែកស្រូបទាញអ្នកវិនិយោគបរទេសមកកាន់កម្ពុជា ហើយលំហូរវិនិយោគផ្ទាល់ពីបរទេស ជាពិសេសមកពីប្រទេសចិន មានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា”។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់បន្ថែមទៀតថា “ការវិនិយោគថ្មីក៏នឹងនាំមកនូវដើមទុន បច្ចេកវិទ្យា និងឱកាសការងារថ្មីសម្រាប់ប្រជាជនកម្ពុជាផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here