ដោយ វុត្ថា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អូស្រ្តាលីបានអះអាងថា អ្នកវិនិយោគអូស្រ្តាលីមានបំណងវិនិយោគលើការចិញ្ចឹមគោយកទឹកដោះ ដើម្បីបំរើទីផ្សារនៅក្នុងស្រុកនិងនាំចេញពីកម្ពុជានាពេលខាងមុខ។
ក្នុជំនួបទ្វេរភាគីរវាងលោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូអូស្ត្រាលី ដឹកនាំដោយ លោក Mark Coulton អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគនៃប្រទេសអូស្ត្រាលីកាលពីថ្ងៃទី២ មិនាកន្លងមកនេះ ភាគីទាំងពីរបានពិភា ក្សាចម្បងលើការងារវិនិយោគ ជាពិសេសក្នុងវិស័យកសិកម្ម និងរ៉ែ ដែលប្រទេសអូស្ត្រាលីមានជំនាញ និងបច្ចេកទេសខ្ពស់ ដោយក្រៅពីនោះក៏មានវិស័យទូរគមនាគមន៍ និងសត្តឃាតដែលសុទ្ធតែជាការវិនិយោគ ដែលអូស្ត្រាលីធ្លាប់ធ្វើរួចមកហើយនៅកម្ពុជា។
លោក Mark Coulton បានបន្តថា ភាគីអូស្ត្រាលី ក៏បានជម្រាបផងដែរថា មានក្រុមហ៊ុនអូស្ត្រាលីមួយកំពុងតែមានចំណាប់អារម្មណ៍វិនិយោគក្នុងការចិញ្ចឹមសត្វយកទឹកដោះ ដើម្បីលក់ក្នុងទីផ្សារក្នុងស្រុក និងនាំចេញ។កិច្ចប្រជុំទ្វេភាគីទាំងពីរ បានប្រព្រឹត្តទៅក្នុងអំឡុងពេលនៃអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ស្ដីពី កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលរៀបចំឡើងនៅទីក្រុងសៀមរាប និងមានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្មនៃភាគីចរចាទាំង១៦ រួមមានអាស៊ាន ១០ និងអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ និងនូវែហ្សេឡង់។
ជាមួយគ្នានេះ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Li Chenggang អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនផងដែរ។
ក្នុងជំនួបនេះភាគីទាំងពីរបានលើកការងារមួយចំនួនមកពិភាក្សាជាមួយភាគីចិនរួមមាន ការជំរុញរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលមានសារៈសំខាន់សម្រាប់ភាគីទាំងពីរ ក្នុងការធ្វើពាណិជ្ជកម្មទៅវិញទៅមក តាមក្របខណ្ឌនៃច្បាប់។រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ក៏បានស្នើសុំភាគីចិនសម្រួលនីតិវីធី ដើម្បីអនុវត្តគោលការណ៍នាំចេញអង្ករទៅប្រទេសចិនឲ្យបាន ៤០០,០០០ តោន តាមការផ្ដល់ជូនរបស់ចិន ក៏ដូចជាពិភាក្សាលើលទ្ធភាពចុះហត្ថលេខា លើវិធីសារជាកញ្ចប់សម្រាប់សម្រួលដល់ការនាំចេញផលិតផលកសិកម្មកម្ពុជា។
លោកLi បានឯកភាពលើសារៈប្រយោជន៍ នៃចំណុចពិភាក្សាទាំងអស់ដែលភាគីកម្ពុជាបានលើក។ ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន លោកបានមានប្រសាសន៍ថា ជាគំនិតផ្ទួចផ្ដើមសំខាន់មួយសម្រាប់ប្រទេសទាំងពីរ ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងនូវកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមមានវិនិយោគ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។
ជាមួយនឹងការនាំចេញអង្ករ ភាគីចិន និងកម្ពុជានឹងបន្តកិច្ចសហការជាមួយគ្នាឲ្យរឹតតែស៊ីជម្រៅ ដើម្បីសម្រេចបានគោលដៅនាំចេញនេះ ហើយជាមួយនោះដែរភាគីទាំងពីរនឹងបន្តប្រឹក្សា ជាមួយគ្នាបន្ថែមទៀតលើឯកសារដែលចាំបាច់ សម្រាប់សម្រួលដល់វិស័យកសិកម្មកម្ពុជា៕