តើទីផ្សារអចលនទ្រព្យនៅខេត្តមណ្ឌលគិរីមានសភាពដូចម្តេច ក្រោយក្រុមហ៊ុនធំមួយចាប់ផ្តើមសិក្សាវិនិយោគព្រលានយន្តហោះ?

0

        ដោយៈ គង់ សូរិយា

        មណ្ឌលគិរីៈ តម្លៃដីធ្លី និងសកម្មភាពអភិវឌ្ឍន៍គំរោងរមណីយដ្ឋាន សេវាកម្មបដិសណ្ឋារកិច្ចបានពុះកញ្រ្ជោលឡើង ក្រោយពេលរដ្ឋាភិបាលបានអនុញ្ញាត្តឲ្យក្រុមហ៊ុនធំមួយ សិក្សាលទ្ឋភាពវិនិយោគព្រលានយន្តហោះនៅខេត្តមណ្ឌលគិរី។

បន្ទាប់មកអ្វីៗបានស្ងប់ស្ងាត់ ជាមួយនឹងវិបត្តិជាបន្តបន្ទាប់ដូចជា ជំងឺកូវីដ១៩ បញ្ហាសង្រ្គាម និងបញ្ហាភូ​មិសាស្រ្តនយោបាយនានា។

 ប៉ុន្តែពេលនេះ អ្នកមណ្ឌលគិរី និងអ្នកអភិវឌ្ឍន៍នៅតំបន់នោះមានទឹកមាត់លេបឡើងវិញ ក្រោយពេលរដ្ឋាភិបាលប្រកាសអនុញ្ញាត្តឲ្យក្រុមហ៊ុនពហុជាតិសាសន៍Focus Consortium សិក្សាលទ្ឋភាពសាងសង់ព្រលានយន្តហោះ និងទីក្រុងរណបនៅខេត្តមួយនេះ។

លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនឆៃលីនស៊ា រៀលអេស្ទេតបានមានប្រសាសន៍ឲ្យដឹងតាមតេឡេក្រាម កាលពីថ្ងៃទី ៦ មិនា កន្លង មកថា ស្ថានភាពទីផ្សារអចលនទ្រព្យ ដីធ្លី ការសាងសង់រមណីយដ្ឋានមិនទាន់មានសន្ទុះខ្លាំងនៅឡើយទេ ប៉ុន្តែមានសកម្មភាពសួរនាំ និងការចុះសាកសួរពីអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគមកពីប្រទេ​សចិន កូរ៉េមួយចំ​នួនបានសាកសួរ និងចុះទៅមើល បន្ទាប់ពីមានការ​ប្រកាសវត្តមានក្រុមហ៊ុនថ្មី ដែលចាប់អារម្មណ៍សាងសង់ព្រលានយន្តហោះក្នុងខេត្តនេះ។

លោកបន្តថា “សម្រាប់ដីកសិកម្ម មានការទិញលក់ច្រើន ដែលមានទំហំចាប់ពី១០០ហិកតា រហូតដល់ខ្ទង់ពាន់ហិកតា ដែលតម្លៃមានចន្លោះពី៤០០០ ទៅ១២០០០ដុល្លារក្នុងមួយហិកតា”។លោកបន្តថា “តម្លៃដីនៅក្នុងទីក្រុងសែនមនោរម្យ ដែលមានទំហំចាប់ពី១០០ម៉ែត្រការ៉េ មានតម្លៃចន្លោះ៣០០ទៅ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។

លោកស៊ា ឆៃលីនបានបន្តថា ជាមួយគ្នានេះ គំរោងដែលបានដំណើរការសាងសង់កន្លងមក នៅក្នុងខេត្តមណ្ឌលគិរីបាននិងកំពុងបន្តសកម្មភាពសាងសង់ និងដំណើរការគំរោងរបស់ពួកគេផងដែរ ប៉ុន្តែមានសកម្មភាពយឺតៗ។

រដ្ឋាភិបាលក​ម្ពុជាបានរៀបចំផែនការមេ អភិវឌ្ឍន៍វិស័យទេស​ចរណ៍ ខេត្តមណ្ឌលគិរី ឆ្នាំ២០២៣​ ២០៣៥ ដែលគ្រោងប្រែក្លាយខេត្តនេះជាប៉ូលសេដ្ឋកិច្ចថ្មីមួយ តាមរយៈកាតរយៈសាងសង់ព្រលានយន្តហោះ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ មណ្ឌលគិរី ការសាងសង់ទីក្រុងរណប និងផែនការលំអិតជាច្រើនទៀត ដោយធ្វើយ៉ាងណាឲ្យខេត្តនេះអាចទាក់ទាញ ភ្ញៀវទេសចរណ៍អន្តរជាតិបានប្រមា​ណ១លាននាក់ និងភ្ញៀវទេសចរណ៍ក្នុងស្រុក ចំនួន៤លាននាក់ក្នុងមួយឆ្នាំ។

លើសពីនេះ តាមផែនការមេនេះ ក្រសួងទេសចរណ៍គ្រោងរៀប​ចំដាំផ្កា និងបន្លែ តាមរយៈការលើកទឹកចិត្ត វិស័យឯកជនចូលរួមវិនិយោគ សម្រាប់ផ្គត់ផ្គង់ដល់សណ្ឋាគារ រមណីយដ្ឋាននៅទូទាំងប្រទេស ដោយសារខេត្តនេះមានដីមានជីជាតិល្អ និងលក្ខខ័ណ្ឌអាកា​សធាតុអំណោយផល។

ខេត្តមណ្ឌលគិរីមានប្រជាជនរស់នៅ សរុបប្រមាណ១០ម៉ឺននាក់ មានក្រុងចំនួន១ និងស្រុកចំនួន…ដូចជា ក្រុងសែនមនោរម្យ ស្រុកអូររាំង ស្រុកកែវសីម៉ា ស្រុកកោះញែក និងស្រុកពេជ្រាដា៕

LEAVE A REPLY

Please enter your comment!
Please enter your name here