សម្តេចធិបតីៈកម្ពុជាបានចូលរួមជាមួយអាស៊ានដើម្បីបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី១ទ្រីលានដុល្លារដល់២ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០៣០

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការ របស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ានកាលពីពេលថ្មីៗនេះ នឹងដើរតួនាទីគន្លឹះក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។

ការថ្លែងបែបនេះរបស់សម្ដេចធិបតី ធ្វើឡើងក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដែ​លរៀបចំដោយក្រសួងប្រៃសនីយ៍ ​និងទូរគមនាគមន៍ នៅមជ្ឈ​មណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

សម្ដេចធិបតីបានបន្តថា ក្រៅពីសមិទ្ធផលខាងលើនេះ សម្ដេចបានគូសរំលេចអំពីសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាលក្នុងការងារជំរុញឌីជីថលូបនីយកម្ម ដោយក្នុងនោះរាជរដ្ឋាភិបាល បានដាក់ចេញឱ្យអនុវត្ត៖ គម្រោងបច្ចេកវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រពន្ធបញ្ជរតែមួយជាតិ ប្រព័ន្ធអេឡិចត្រនិកពន្ធដារនិងគយ ប្រព័ន្ធគ្រប់​គ្រងចំណូល មិនមែនសារពើពន្ធនិងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រព័ន្ធចុះបញ្ជីអាជីវកម្មនិងផ្ដល់អាជ្ញាបណ្ណ ប្រព័ន្ធអប់រំឌីជីថលនិងអេឡិចត្រនិក ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម ប្រព័ន្ធគ្រប់គ្រងដីធ្លីនិងយានយន្តជាដើម។

ក្នុងនោះថ្នាលផ្លាស់ប្ដូទិន្នន័យកម្ពុជា Cambodia Data Exchange (CAMDX) ដែលជាថ្នាលគន្លឹះមួយ បាននិងកំពុងប្រើប្រាស់ដោយស្ថាប័នសាធារណៈ និងវិស័យឯកជនក្នុងការចែករំលែកនិងផ្លាស់ប្ដូរទិន្នន័យក្នុងប្រព័ន្ធអេកូឡូស៊ីរួម ក៏ធ្លាប់ជ័យលាភីអន្តរជាតិក្នុងកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល Future of Government Award 2022 ផងដែរ។ នេះជាមោទនភាពមួយថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែង ក្នុងការងារឌីជីថលូបនីយកម្មក្នុងវិស័យរដ្ឋាភិបាល។

សម្តេចធិបតហ៊ុន ម៉ាណែតបញ្ជាថា កម្ពុជាបាននិងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលរំពឹងថានឹងជួយបង្កើ​នទំហំសេដ្ឋកិច្ចឌីជីថលអាស៊ាន ពី១ទ្រីលានដុល្លារ ដល់២ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០៣០។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល ដោយស្មារតីបុរេសកម្ម និងបើកចំហ សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅអភិវឌ្ឍន៍ឌីជីថលតំបន់ និងសកល ដូចមានកំណត់ក្នុងផែនការមេឌីជីថលអាស៊ាន ២០២៥ និងយុទ្ធសាស្ត្រឌីជីថល២០២២-២០២៥ របស់អង្គការសហប្រជាជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត សូមវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង សម្រាប់រយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរសមិទ្ធផល ដែលសម្រេចបានកន្លងមក ព្រមទាំងរួមគ្នាបង្កើតសមិទ្ធផលថ្មី តាមរយៈការពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ លើកគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានា ព្រមទាំងជំរុញការអភិវឌ្ឍសេវាសាធារណៈឌីជីថលថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា និងអាស៊ាន ក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញ។

សម្តេចធិបតីបានបន្ថែមថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមា ពីការរីកចម្រើ​ន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បី​បង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើ​នសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោ​យបរិយាប័ន្ន, ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះ ក៏រក្សាឱ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here