ក្រុមសេដ្ឋីនិងមហាសេដ្ឋីអាមេរិក គេចវេសមិនបង់ពន្ធជាង១៥០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Danny Werfel ប្រធានសេវាកម្មប្រាក់ចំណូលផ្ទៃក្នុង (IRS) បានលើកឡើងថា ក្រុមសេដ្ឋី ដែលមានប្រាក់ខ្ទង់លានដុល្លារ និងក្រុមមហាសេដ្ឋី ដែលមានប្រាក់ខ្ទង់ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក បានគេចវេសការបង់ពន្ធជាង១៥០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

ការគេចវេសការបង់ពន្ធ គឺជាបន្ទុកដ៏ធ្ងន់បន្ថែមទៀត ស្របពេលដែលមានការកើនឡើង នូវឱនភាពរបស់រដ្ឋាភិបាលអាមេរិក និងបង្កើតកង្វះភាពយុត្តិធម៌ នៅក្នុងប្រព័ន្ធពន្ធដាររបស់សហរដ្ឋអាមេរិក។

លោក Danny Werfel បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត CNBC ដោយបញ្ជាក់ថា “នៅពេលដែលខ្ញុំក្រឡេកទៅមើលចន្លោះប្រហោង ក្នុងប្រព័ន្ធពន្ធដារ ខ្ញុំពិនិត្យឃើញថា ក្រុមសេដ្ឋី និងមហាសេដ្ឋី បានបង់ពន្ធជូនរដ្ឋតិចណាស់ ខុសឆ្ងាយដាច់ស្រឡះ ពីប្រាក់ចំណូលដែលពួកគេទទួលបាន ហើយជារួមគឺពួកគេបានគេចវេស ពីការបង់ពន្ធសរុបជាង១៥០ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ”។លោកបន្តថា ទីភ្នាក់ងារ IRS ទើបតែទទួលបាននូវកញ្ចប់ទឹកប្រាក់ខ្ទង់ពាន់លានដុល្លារ ដែលអនុម័តដោយសភា ដើម្បីបើកយុទ្ធនាការបង្ក្រាប ទៅលើបុគ្គលមានទ្រព្យសម្បត្តិច្រើន និងក្រុមហ៊ុនធំៗនៅអាមេរិក ដែលគេចវេសពីកាតព្វកិច្ចបង់ពន្ធរបស់ខ្លួន។

ជាមួយគ្នានេះ ក្រសួងរតនាគារអាមេរិក ក៏បានព្យាករផងដែរថា ប្រសិនបើទីភ្នាក់ងារ IRS សម្រេចបានជោគជ័យ ក្នុងយុទ្ធនាការបង្ក្រាបអ្នកគេចពន្ធ នោះរដ្ឋនឹងទទួលបានប្រាក់ចំណូលពន្ធដារបន្ថែមទៀតចំនួន៥៦១ពាន់លានដុល្លារ ចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៤។

ទីភ្នាក់ងារIRS បានគូសបញ្ជាក់ថា សេដ្ឋីអាមេរិកប្រហែល១.៦០០នាក់ កំពុងគេចវេសពីការបង់ពន្ធ ខណៈទឹកប្រាក់ដែលពួកគេត្រូវបង់ គឺយ៉ាងហោចណាស់មានចំនួន២៥០.០០០ដុល្លារ ក្នុងម្នាក់ៗ។

លោក Danny Werfel ប្រធានសេវាកម្មប្រាក់ចំណូលផ្ទៃក្នុង បានបន្ថែមថា“គិតរហូតមកដល់ពេលនេះ ទីភ្នាក់ងារIRS បានប្រមូលចំណូលពន្ធជាង៤៨០លានដុល្លារពីក្រុមសេដ្ឋី និងមហាសេដ្ឋី ហើយយើងនៅតែបន្តបំពេញការងារនេះទៅមុខទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here