ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន អាកាសចរណ៍ ថៃ Really Cool Airlines និង ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia គ្រោងនឹងបន្ថែមជើងហោះហើរ នៅក្នុងតំបន់ ដែលប្រតិបត្តិការពីអាកាសយានដ្ឋាន អន្តរជាតិ ក្រុងម៉ាកាវ។
យោងតាមក្រុមហ៊ុនដែលទទួលខុសត្រូវលើប្រតិបត្តិការអាកាសយានដ្ឋាន អន្តរជាតិ ក្រុងម៉ាកាវ (MIA) បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះថា ក្រុមហ៊ុនអាកាសចរណ៍ Really Cool Airlines របស់ប្រទេសថៃនឹងចាប់ផ្តើមប្រតិបត្តិការជើងហោះហើររវាងប្រទេសថៃ និងក្រុងម៉ាកាវ ខណៈដែលក្រុមហ៊ុន AirAsia Cambodia បានបញ្ជាក់ប្រតិបត្តិការជើងហោះហើរភ្នំពេញ-ម៉ាកាវ។
បន្ទាប់ពីត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន Really Cool Airlines រំពឹងថា នឹងទទួលបានវិញ្ញាបនបត្រប្រតិបត្តិករអាកាសចរណ៍ថៃរបស់ខ្លួននៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ និងចាប់ផ្តើមបើកប្រតិបត្តិការនៅក្នុងត្រីមាសទីពីរខាងមុខ។
ជាមួយគ្នានេះ គណៈប្រតិភូមកពីអាកាសយានដ្ឋានអន្តរជាតិម៉ាកាវបានចូលរួមវេទិកាអភិវឌ្ឍន៍ផ្លូវសម្រាប់តំបន់អាស៊ី ដែលរៀបចំធ្វើឡើងចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅប្រទេសម៉ាឡេស៊ី ដើម្បីបង្កើតទំនាក់ទំនង និងស្វែងរកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែម។
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ អាកាសយានដ្ឋាន អន្តរជាតិ ក្រុងម៉ាកាវ (MIA) បានបើកដំណើរការជើងហោះហើរទៅមកចំនួន២១៣ជើងក្នុងមួយសប្តាហ៍ទៅកាន់ទីក្រុងចំនួន១៨ នៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីឦសាន ដោយប្រតិបត្តិករព្រលានយន្តហោះបានកត់សម្គាល់ថា ប្រតិបត្តិការអាកាសចរណ៍បានវិលត្រឡប់ទៅកាន់កម្រិត៤០ភាគរយនៃកម្រិតមុនផ្ទុះជំងឺរាតត្បាត។
ទន្ទឹមនឹងនេះ ក្រុមអ្នកតំណាងមកពីក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ និងស្រីលង្កា ក៏បានចាប់អារម្មណ៍លើទីផ្សារម៉ាកាវ ហើយគ្រោងនឹងបើកជើងហោះហើរទៅ និងមកពីទីក្រុងម៉ាកាវក្នុងត្រីមាសទី៤ ឆ្នាំ២០២៤នេះ។
លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដែលធ្លាប់បានពិភាក្សាគ្នាដើម្បីបង្កើតផ្លូវហោះហើររវាងតំបន់អឺរ៉ុប និងទីក្រុងម៉ាកាវ ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនចំពោះទីផ្សារម៉ាកាវ និងឆន្ទៈរបស់ខ្លួនក្នុងការសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតដើម្បីអភិវឌ្ឍទីផ្សារផងដែរ៕