ប្រធានCVEAលើកឡើងពីនេះពីនោះក្នុងវិស័យអចលនទ្រព្យ នៅដើមឆ្នាំនេះ

0

        ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ បើធៀបនឹងវិស័យអចលនទ្រព្យនៅដើមឆ្នាំនេះ ប្រៀបដូចជាអ្នកជម្ងឺធ្ងន់ម្នាក់ ទើបងើបឡើងពីសន្លប់ធំរយៈពេលយូរឆ្នាំ។

វាត្រូវការពេលវេលា និងការជ្រោមជ្រែងដើម្បីធ្វើឲ្យវិស័យឬមនុស្សឈឺម្នាក់នោះ អាចដើរ និងរត់យ៉ាងស្វាហាប់ឡើងវិញ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកសន សៀបបានមានប្រសាសន៍ក្នុងកម្មវិធីមួយ ដែលផ្តោតលើប្រធានបទ “ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅឆ្នាំ២០២៤”កាលពីព្រឹកថ្ងៃទី១១ មិនាថា បើនិយាយពីវិស័យអចលនទ្រព្យ គឺចែកចេញជា៤ផ្នែក និង១អនុវិស័យរួមមាន ផ្នែកលំនៅឋាន អចលនទ្រព្យបែបពាណិជ្ជកម្ម អចលនទ្រព្យប្រភេទឧស្សាហកម្ម អចលនទ្រព្យប្រភេទកសិកម្ម និងដីឡូដ៏។លោកបានឲ្យដឹងថា លំនៅឋាន ដែលមានបុរី និងខុនដូនោះ នៅមិនទាន់ងើបឡើយវិញនោះទេ ដោយការទិញលក់បុរី បានធ្លាក់ចុះប្រមាណ៥០ភាគរយនៅឆ្នាំ២០២៣។ ចំណែកឯខុនដូវិញ មានការកើនឡើងត្រឹមតែ០.២ភាគរយប៉ុណ្ណោះ នេះជាសញ្ញាល្អ។

លោកបន្តពន្យល់ទៀតថា អចលនទ្រព្យបែបពាណិជ្ជកម្ម ដែលមានអគារការិយាល័យ ផ្សារទំនើប និងសណ្ឋាគារនោះ។ ចំពោះការជួលអគារការិយាល័យ នៅមិនទាន់ល្អនោះទេ ចាប់តាំងពីមានវិបត្តិជំងឺកូវីដ១៩មក។ ផ្សារទំនើប ក៏មានផលប៉ះពាល់ដែរ ដោយសារកំណើននៃការលក់តាមអនឡាញ ហើយចំណង់ចំណូលចិត្ត របស់ពលរដ្ឋភាគច្រើនទៅផ្សារទំនើប ជាការកម្សាន្ត និងហូបអាហារប៉ុណ្ណោះ ពិសេសផ្សារទំនើបថ្មីៗ តូចៗ មានសភាពស្ងាត់។

ចំណែកទីផ្សារសណ្ឋាគារវិញ មានការរើបឡើងវិញមួយចំនួ​ន ទៅតាមតំបន់។
អចលនទ្រព្យប្រភេទឧស្សាហកម្មវិញ សង្កេតឃើញថាកំណើនតម្រូវការ អចលនទ្រព្យភេទនេះមានកើនឡើង ដើម្បីបើកដំណើរការរោងចក្រ។

ចំណែកអចលនទ្រព្យប្រភេទកសិកម្ម ក៏ចាប់ផ្តើមមានតម្រូវការផងដែរ ពិសេសដីសម្រាប់ធ្វើកសិដ្ឋានធំៗ ប៉ុន្តែដីនោះត្រូវមានប្រភពទឹក ភ្លើង និងផ្លូវចូល។

ដោយសម្រាប់វិស័យដីឡូដ៍ ដែលមានការចម្រូងចម្រាសច្រើន នាពេលកន្លងមកនេះ។ ដីឡូដ៍ ត្រូវបានបែងចែងជាពីរ៖ ទី១ ដីដែលអភិវឌ្ឍន៍មិនច្បាស់លាស់ គ្មានបណ្ណបំបែកក្បាលដី ទីតាំងគម្រោងគ្មានទឹក ភ្លើង ប្រព័ន្ធលូ គឺភាគច្រើនជួបបញ្ហារវាងអ្នកលក់ និងអ្នកទិញ។ ទី២៖ ដីឡូដ៍ ដែលមានហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រាន់វិញ មានបណ្ណបំបែកក្បាលដីរួច ធ្វើលំនៅឋានបាន គឺនៅមានតម្រូវការនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here