ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo គ្រោងនឹងចាប់ផ្តើមបើកប្រតិបត្តិការហោះហើរត្រង់ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ(SAI)នៅក្នុងខែមិថុនា ឆ្នាំ២០២៤នេះ។
មន្រ្តីជាន់ខ្ពស់ផ្នែកទីផ្សារ នៃអាកាសយានដ្ឋានសៀមរាប អង្គរ បានមានប្រសាសន៍ឲ្យដឹង ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ផែនការបើកជើងហោះហើរនេះ ទទួលបានការយល់ព្រមអនុម័ត ពីសំណាក់អាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា និងភាគីឥណ្ឌារួចរាល់ហើយផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាមួយនេះ គ្រោងនឹងបើកដំណើរការជើងហោះហើរចំនួន២ជើង ក្នុងមួយថ្ងៃ ដែលក្នុងនោះ១ជើងពីទីក្រុង New Delhi និង១ជើងទៀត ពីទីក្រុងBangalore ហោះមកកាន់អាកាសយានដ្ឋានសៀមរាប-អង្គរ។
យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍កម្ពុជា (MoT) ចំនួនភ្ញៀវទេសចរណ៍ឥណ្ឌា ចូលមកទស្សនាកម្ពុជា បានកើនឡើង៤០% ក្នុងខែមករា ឆ្នាំ២០២៤។ ដូច្នេះហើយ ក្រសួងរំពឹងថា នឹងមានភ្ញៀវទេសចរឥណ្ឌាកាន់តែច្រើន បន្ទាប់ពីបានបង្កើតជើងហោះហើរត្រង់ពីប្រទេសឥណ្ឌា។
ជាមួយគ្នានេះ ជើងហោះហើរមកពីប្រទេសចិន នឹងកើនឡើងពី២ជើងក្នុងមួយសប្តាហ៍ ទៅដល់៣ជើងក្នុងមួយសប្តាហ៍ នាពេលខាងមុខ។
លើសពីនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប -អង្គរ (SAI) កំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូនចិន ក្រុមប្រឹក្សាទេសចរណ៍ចិន និងសមាគមទេសចរណ៍កម្ពុជា ដើម្បីបង្កើនចំនួនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាផងដែរ។
អ្នកនាំពាក្យ និងអនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា និងក្រុមហ៊ុនEmirate Airline នឹងហោះហើរមកកាន់កម្ពុជានាពេលខាងមុខ។
លោកបន្តថា “វាជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍ ដែលយើងរំពឹងនឹងទទួលភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើននាពេលខាងមុខ”៕