ដោយ: គង់ លាងហួរ
អន្តរជាតិ: គេហទំព័រWikipedia បានឱ្យដឹងថា ប្រទេសដែលមានអគារខ្ពស់ៗ កប់ពពកច្រើនជាងគេនៅលើពិភពលោក គឺប្រទេសចិន ដែលមានចំនួន៤.៣៧៧អគារ បន្ទាប់មកគឺសហរដ្ឋអាមេរិកមាន១.១៦៤អគារ និងប្រទេសអារ៉ាប់រួម(UAE)មាន៥៤៥អគារ។
ប្រទេសម៉ាឡេស៊ី មានអគារខ្ពស់កប់ពពកសរុបចំនួន៣៦៦អគារ គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ដោយជាប់ចំណាត់ថ្នាក់ជាប្រទេស ដែលមានអគារកប់ពពកច្រើនជាងគេទី៤ ទូទាំងពិភពលោក។
-->
ក្នុងចំណោមសំណង់ដ៏គួរឲ្យចាប់អារម្មណ៍ទាំងនេះ គេសង្កេតឃើញថា អគារចំនួន២៩៣ មានកំពស់លើសពី១៥០ម៉ែត្រ អគារចំនួន៦៧ មានកំពស់លើសពី២០០ម៉ែត្រ និងអគារចំនួន៦ទៀត មានកំពស់ជាង៣០០ម៉ែត្រ។
ជាពិសេស អគារខ្ពស់ជាងគេលំដាប់ទី២ របស់ពិភពលោក មានទីតាំងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីថែមទៀតផង ដែលមានឈ្មោះថា អគារ Merdeka 118 និងមានកម្ពស់ចំនួន៦៧៨,៩ម៉ែត្រ។
ចំណែក ទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួម(UAE) ដែលមានប្រជាជនត្រឹមតែជាង៣លាននាក់ មានអគារខ្ពស់ជាងគេបំផុតក្នុងពិភពលោក គឺអគារBurj Khalifa ដែលមានកម្ពស់៨២៨ម៉ែត្រ។
ជាធម្មតា ពាក្យ “អគារខ្ពស់ៗកប់ពពក ឬហៅជាភាសាអង់គ្លេសថា skyscraper ” សំដៅទៅលើអគារ ដែលមានកម្ពស់លើសពី១៥០ម៉ែត្រ និងមានកំពស់ច្រើនជាង៤០ជាន់។
ជាងនេះទៅទៀត សំណង់អគារខ្ពស់ៗកប់ពពក បានផ្តល់នូវការរួមចំណែកជាច្រើន ដល់សេដ្ឋកិច្ចរបស់ប្រទេសមួយ រាប់ចាប់តាំងពីការបង្កើតការងារ រហូតដល់ការទាក់ទាញលំហូរវិនិយោគ ផ្ទាល់ពីបរទេស(FDI)។
យោងតាមទស្សនទាន នៃការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់អគារខ្ពស់ៗទាំងនេះ បង្ហាញពីការវិនិយោគ ក្នុងទំហំទឹកប្រាក់យ៉ាងច្រើន បង្កើតប្រាក់ចំណូលសម្រាប់អ្នកអភិវឌ្ឍន៍ ក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ៕