ដោយៈ គង់ សូរិយា
កណ្តាលៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហាញពីវឌ្ឍនភាព ការសាងសង់ព្រលានយន្តហោះ តេជោក្រុងតាខ្មៅ ដែលបានចំណាយទុនប្រមាណ១០០០លានដុល្លារអាមេរិករួចហើយ។
ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សមិទ្ធផលនានា រួមទាំងព្រលានយន្តហោះអន្តរជាតិនេះ កើតឡើងទៅបានដោយសារប្រទេសយើងមានសុខសន្តិភាពនិងស្ថិរភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា “ដោយសារកត្តាសន្តិភាពនិងស្ថិរភាពនេះហើយ ទើបវិនិយោគិនបរទេសគេមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា”។
សម្តេចធិបតីបានរម្លឹកថា កាលពីអតីតកាល ដោយសារសង្រ្គាមព្រលានយន្តហោះនៅកម្ពុជាត្រូវបានប្រើប្រាស់សម្រាប់តែដឹកមនុស្សចេញពីប្រទេសប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះនៅកម្ពុជាមានភ្ញៀវទេសចរចូលមកទស្សនាកម្ពុជា និងមានភ្ញៀវទេសចរក្នុងស្រុកចេញទៅលេងក្រៅប្រទេសផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ធ្លាប់មានព្រលានយន្តហោះខ្នាតធំផងដែរ កាលពី៦៥ឆ្នាំមុន ប៉ុន្តែនៅឆ្នាំខាងមុខនេះ ប្រទេសកម្ពុជាយើង ក៏នឹងបើកដំណើរការព្រលានយន្តហោះខ្នាតធំជាប្រវត្តិសាស្រ្តនេះ នៅប្រទេសយើងផងដែរ។
សម្តេចធ្លាប់បានឃើញព្រលានយន្តហោះធំច្រើនហើយ តែមិនរំភើបដូចឃើញព្រលានយន្តហោះ អន្តរជាតិតេជោនោះឡើយ ព្រោះជារបស់ខ្មែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺត្រូវបន្តរហូតទោះបីជាអំឡុង ពេលការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ គឺមិនបានឈប់សម្រាកនោះទេ។
សម្តេចបញ្ជាក់ថា “ខណៈវឌ្ឍន្នភាព នៃការសាងសងជំហានទី១នេះ សម្រេចបានជាង៦៦ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ប្រមាណ១ពាន់លានដុល្លារហើយ”។
សម្ដេចធិបតីហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការឆ្ពោះទៅអភិវឌ្ឍន៍ទិសនិរតីនៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបន្តថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺបានប្រើប្រាស់សម្ភារ បច្ចេកទេសសទំនើបប្រកបដោយគុណភាពខ្ពស់ ដែលធានាបានការប្រើប្រាស់យូរអង្វែងនិងមានសុវត្ថិភាព។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា គម្រោងវិនិយោគ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ គឺ បានបង្ហាញពីទឹកដីកម្ពុជាមានសុខសន្តិភាព ហើយបានទទួលផលប្រយោជន៍ ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕