ដោយ: គង់ លាងហួរ
ប៉េកាំង: លោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ បានលើកឡើងថា ប្រទេសចិននឹងជំរុញការលក់ផ្ទះ ប្រកបដោយភាពស្វាហាប់ ប្រសិទ្ធិភាព និងមានសណ្តាប់ធ្នាប់ ខណៈតម្រូវការ ក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះ នៅតែបន្តធ្លាក់ចុះ។
វិស័យអចលនទ្រព្យនៅប្រទេសចិន បានធ្លាក់ចូលវិបត្តិមួយ ទៅវិបត្តិមួយទៀត ចាប់តាំងពីឆ្នាំ២០២១ បន្ទាប់ពីអាជ្ញាធរចិនបានរឹតបន្តឹងការផ្តល់ឥណទានដល់អ្នកអភិវឌ្ឍន៍ ដែលបានបង្កឱ្យមានវិបត្តិសាច់ប្រាក់ ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យ និងបំផ្លាញទំនុកចិត្តទិញផ្ទះ។
ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗរបស់ប្រទេសចិន រួមមាន ក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្ស China Evergrande Group និងក្រុមហ៊ុន Country Garden បានខកខានសងបំណុល ខណៈគម្រោងលំនៅដ្ឋានជាច្រើន នៅទូទាំងប្រទេសចិន ត្រូវបានទុកចោល ហើយអតិថិជន ដែលបានបង់ថ្លៃផ្ទះរបស់ពួកគេរួច បានផ្ទុះកំហឹងតវ៉ា ក្រោយពីមិនបានទទួលផ្ទះ ដូចការសន្យារបស់អ្នកអភិវឌ្ឍន៍។
ជុំវិញបញ្ហានេះ លោក Ni Hong បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយនៅខាងក្រៅ កិច្ចប្រជុំសភាប្រចាំឆ្នាំនៅទីក្រុងប៉េកាំងថា អ្នកអភិវឌ្ឍន៍មួយចំនួន គួរតែត្រូវបានអនុញ្ញាតឱ្យក្ស័យធន ឬរៀបចំរចនាសម្ព័ន្ធឡើងវិញ ដោយយោងទៅតាមច្បាប់ និងគោលការណ៍ទីផ្សារ។
ប៉ុន្តែ លោក Ni បានបញ្ជាក់បន្ថែមទៀតថា នៅពេលដែលយើងបង្កើតគំរូអភិវឌ្ឍន៍ថ្មី សម្រាប់វិស័យអចលនទ្រព្យ ប្រទេសចិននឹងចាត់វិធានការដើម្បីធានាឱ្យបានថា “លំនៅដ្ឋានត្រូវទិញសម្រាប់រស់នៅ មិនមែនទិញសម្រាប់ស្តុកទុក លក់យកចំណេញនៅពេលក្រោយនោះទេ”។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសចិននឹងពន្លឿនការអភិវឌ្ឍន៍គំរូថ្មី សម្រាប់វិស័យអចលនទ្រព្យ ដែលកំពុងមានបញ្ហា ដោយផ្តោតលើការកសាងលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងបំពេញតម្រូវការផ្ទះ៕