ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank Malaysia រំពឹងថា ស្ថានភាពរបស់វិស័យអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសម៉ាឡេសុី នឹងបន្តរក្សាបាននូវស្ថិរភាពនៅឆ្នាំ២០២៤នេះ។
ក្រុមហ៊ុនមានសុទិដ្ឋិនិយមបែបនេះ ដោយហេតុថាឆ្នាំ២០២៣ បានបង្ហាញពីដំណើរការដែលអាចទុកចិត្តបានទាំងក្នុងស្ថានភាពសេដ្ឋកិច្ច និងឧស្សាហកម្មអចលនទ្រព្យ។
យោងតាមការស្ទង់មតិទំនុកចិត្តលើការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មម៉ាឡេស៊ី(CREISS) បង្ហាញថា តម្រូវការលំនៅដ្ឋាន និងសណ្ឋាគារនៅតំបន់ Klang Valley រដ្ឋ Penang និងរដ្ឋ Sabah បានហក់ឡើងខ្ពស់ ស្របពេលមានកំណើនភ្ញៀវទេសចរ និងការងើបឡើងវិញក្រោយជំងឺរាតត្បាតនៃឧស្សាហកម្មសណ្ឋាគារ។ចំណែកឯ តម្រូវការនៅលើទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្ម និងឧស្សាហកម្ម ក៏ស្ទុះងើបឡើងវិញផងដែរ ជាពិសេសនៅក្នុងតំបន់មួយចំនួនដូចជារដ្ឋ Johor រដ្ឋ Penang និងតំបន់ Klang Valley។
យោងតាមលោកស្រី Amy Wong នាយកប្រតិបត្តិផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុនអចលនទ្រព្យ Knight Frank Malaysia បានឱ្យដឹងថា ដោយមើលឃើញពីកំណើនសេដ្ឋកិច្ចឌីជីថល តំបន់ទាំងនេះកំពុងទាក់ទាញអ្នកវិនិយោគ ដែលកំពុងស្វែងរកសក្តានុពលនៅក្នុងមជ្ឈមណ្ឌលដឹកជញ្ជូន និងឧស្សាហកម្ម។
លោកស្រី Wong បានមានប្រសាសន៍បន្តថា “បើយើងក្រឡេកទៅមើលការស្ទង់មតិ ដែលធ្វើឡើងចំពោះអ្នកឆ្លើយសំណួរទាក់ទងនឹងទិដ្ឋភាពនៃការវិនិយោគរវាងឆ្នាំ២០២៤ និងឆ្នាំ២០២៦ បានបង្ហាញពីការកើនឡើងនៃទំនោរឆ្ពោះទៅរកការវិនិយោគបែបថ្មី”។
ទំនោរវិនិយោគថ្មី ដែលគួរឱ្យចាប់អារម្មណ៍ រួមមាន ការវិនិយោគទៅលើការស្នាក់នៅរួម កន្លែងស្នាក់នៅរបស់សិស្ស កន្លែងធ្វើការរួមគ្នា កន្លែងធ្វើការដែលអាចបត់បែនបាន និងឧស្សាហកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលទាំងនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរចំណូលចិត្តការងារ និងការអភិវឌ្ឍន៍បច្ចេកវិទ្យា។
នៅឆ្នាំ២០២៤ ការវិនិយោគនៅក្នុងវិស័យលក់រាយ ការថែទាំសុខភាព ការអប់រំ និងស្ថាប័ន ត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនខ្ពស់។ នេះបើយោងតាមការលើកឡើងរបស់អ្នកចូលរួមការស្ទង់មតិ។
ការស្ទង់មតិខាងលើ ក៏បានគូសបញ្ជាក់ផងដែរពីការព្យាករណ៍ជាវិជ្ជមានសម្រាប់តម្លៃជួលក្នុងទីផ្សារអចលនទ្រព្យបែបឧស្សាហកម្ម ភស្តុភារ សណ្ឋាគារ និងលំហែកាយ។
លោកស្រី Amy Wong បានបន្ថែមថា “ដោយពិចារណាទៅលើការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដែលមានភាពធន់ និងហានិភ័យភូមិសាស្ត្រនយោបាយដែលកំពុងកើតឡើង ដូច្នេះ ដំណើរការនៃទីផ្សារអចលនទ្រព្យម៉ាឡេសុី ត្រូវបានគេរំពឹងថា នឹងមានកម្រិតមធ្យមក្នុងឆ្នាំ២០២៤នេះ”៕