ដោយៈ គង់ សូរិយា
ព្រះសីហនុៈ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ប្រជុំពិភាក្សា លើការស្នើការលើកទឹកចិត្តពិសេស របស់វិស័យឯកជនដែលមានគម្រោងពាក់ព័ន្ធ នឹងអគារជាប់គាំងចំនួន៥បន្ថែមទៀត។
កិច្ចពិភាក្សាកាលពីថ្ងៃទី១២ មិនាកន្លងមកនេះ ត្រូវបានដឹកនាំ ដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើការស្នើការលើកទឹកចិត្ត របស់វិស័យឯកជន ក្រោមវិសាលភាព “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” របស់រាជរដ្ឋាភិបាល ដែលជាគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី។
-->
ក្រុមការងារបានពិភាក្សាលើរបៀបវារៈចំនួន៥ ដែលជាគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ក្នុងនោះវិស័យឯកជនបានស្នើការសម្របសម្រួល ឬ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការលើកទឹក-ចិត្តពិសេស និង ការសម្រួលនីតិវិធី ។
គម្រោងទាំង៥ នេះ រួមមាន ទី១ គម្រាងអគារការិយាល័យ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ទី២ គម្រាងអគារស្នាក់នៅរួម (ខុនដូ) ស្ថិតនៅភូមិ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ទី៣ គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ទី៤ គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ និងទី៥ គម្រាងអគារសណ្ឋាគារ ស្ថិតនៅ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។
ក្រុមការងារបានឯកភាពជាគោលការណ៍ ផ្តល់នូវការលើកទឹកចិត្ត ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទ ជូនវិស័យឯកជន ដើម្បីបញ្ចប់ការសាងសង់ អនុវត្តន៍គម្រោង និង/ឬ ចាប់ផ្តើមដំណើរការធុរកិច្ចក្នុងឆ្នាំ២០២៤។ ជាមួយគ្នានេះ ក្រុមការងារនឹងបន្តផ្តល់ការសម្របសម្រួល និងជំរុញការអនុវត្តគម្រោងទាំង៥ ដើម្បីអាចដំណើរការសកម្មភាពវិនិយោគ និងធុរកិច្ចដោយរលូន។
កាលពីខែ កុម្ភៈ ឆ្នាំ ២០២៤ ក្រុមការងារបានពិនិត្យ និងសម្រេចលើការផ្តល់ការលើកទឹកចិត្ត និងការសម្រួលនីតិវិធីដល់គម្រោងវិនិយោគចំនួន២ ដែលជាគម្រោងរមណីយដ្ឋានទេសចរណ៍ និងអគារសហកម្មសិទ្ធិ (អគារស្នាក់នៅរួម)។ សម្រាប់ខែ មីនា និងជាបន្តបន្ទាប់ទៀត, ក្រុមការងារក៏បាន និងកំពុងទទួល និងពិនិត្យពាក្យស្នើនានា ដើម្បីបង្កបរិយាសវិនិយោគល្អប្រសើរ ព្រមទាំងកំពុងពិនិត្យលើការអនុវត្តវិធានការផ្សេងទៀត ដែលបានដាក់ចេញក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤។
កិច្ចការទាំងនេះ ទទួលបានការគាំទ្រ និងការចូលរួមសហការល្អពីក្រសួងស្ថាប័ន ដែលមានសមត្ថ-កិច្ចពាក់ព័ន្ធ រួមទាំងរដ្ឋបាលខេត្តព្រះសីហនុ។
ទន្ទឹមនេះ ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ “អត្ថ-ប្រយោជន៍ពិសេស” អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារពិនិត្យ, វាយតម្លៃនិងផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរសព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០។
