ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Amin Nasser នាយកប្រតិបត្តិក្រុមហ៊ុន Saudi Aramco បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនប្រេងខ្នាតយក្សមួយនេះ កំពុងស្វែងរកឱកាសវិនិយោគបន្ថែមទៀត នៅក្នុងប្រទេ សចិន ព្រោះលោកជឿជាក់ថា តម្រូវការប្រេងនៅចិនមានភាពរឹងមាំ ហើយបាននិងកំពុងកើនឡើង។
ក្រុមហ៊ុនប្រេង Aramco បាននិងកំពុងបង្កើនវត្តមានរបស់ខ្លួននៅក្នុងប្រទេសចិន ដោយបានចុះកិច្ចព្រមព្រៀងជាច្រើន ក្នុងការចម្រាញ់ប្រេង និងគីមីឥន្ធនៈ ដែលកិច្ចព្រមព្រៀងមួយចំនួន មានភ្ជាប់ជាមួយកិច្ចព្រមព្រៀងទិញលក់ប្រេងឆៅ។
លោក Amin Nasser បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា គិតរហូតមកដល់ពេលនេះ យើងកំពុងស្ថិតនៅដើមឆ្នាំ២០២៤ ហើយតម្រូវការប្រេង នៅក្នុងប្រទេសចិនមានសុខភាពល្អ និងកំពុងកើនឡើង។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានReuters។
លោកNasser បានលើកឡើងបែបនេះ បន្ទាប់ពីការចេញផ្សាយលទ្ធផល ដែលបង្ហាញថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនប្រេងយក្ស Aramco ធ្លាក់ចុះ២៤,៧% មកនៅត្រឹម១២១,៣ពាន់លានដុល្លារ ដោយសារតម្លៃប្រេងធ្លាក់ចុះ។
ជាមួយគ្នានេះ លោក Nasser រំពឹងថា ទីផ្សារប្រេងពិភពលោកនឹងនៅតែមានសុខភាពល្អ ពេញមួយឆ្នាំ២០២៤នេះ។ លោក Nasser បានព្យាករថា តម្រូវការប្រេងសកលនឹងកើន ដល់១០៤លានបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ឆ្នាំ២០២៤ បើធៀបនឹងតម្រូវការជាមធ្យមចំនួន១០២,៤លានបារ៉ែល ក្នុងមួយថ្ងៃកាលពីឆ្នាំ២០២៣។
កាលពីចុងខែមករា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានបញ្ជាឱ្យក្រុមហ៊ុន Aramco លុបចោលផែនការពង្រីកសមត្ថភាព ផលិតកម្មរបស់ខ្លួនដល់១៣លានបារ៉ែលក្នុងមួយថ្ងៃ ដោយត្រឡបទៅគោលដៅផលិតត្រឹមតែ១២លានបារ៉ែលក្នុងមួយថ្ងៃ ដូចកាលពីមុន។
គម្រោងចំនួន២ ដែលជាផ្នែកមួយ នៃផែនការពង្រីកផលិតកម្មគឺគម្រោង Safaniyah និងគម្រោង Manifa ត្រូវបានផ្អាក ខណៈដែលគម្រោងចំនួន៣ផ្សេងទៀតកំពុងដំណើរការ។
គម្រោងទាំង៣នោះ រួមមានដូចជា គម្រោង Zuluf គម្រោង Marjan និងគម្រោង Berri ដែលរំពឹងថា នឹងបន្ថែមការផលិតប្រេងឆៅចំនួន៦០ម៉ឺន ៣០ម៉ឺន និង២៥ម៉ឺនបារ៉ែលរៀងៗគ្នា ក្នុងមួយថ្ងៃ៕