ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហើបថា នៅថ្ងៃខាងមុខការហោះហើរត្រង់រវាងកម្ពុជា និងអូស្ដ្រាលី នឹងបើកដំណើរការនាពេលខាងមុខ។
សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញចុះពិនិត្យវឌ្ឍនភាព ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី១២ មិនាកន្លងមកនេះ។
សម្តេចបានបង្ហើបឲ្យដឹងថា កិច្ចព្រមព្រៀងស្ដីពីការបើកច្រកទំនាក់ទំនង វិស័យផ្លូវអាកាសរវាងប្រទេសទាំងពីរ បានចុះហត្ថលេខារួចរាល់ហើយ នៅពេលដែលសម្ដេចដឹកនាំ គណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសអូស្ដ្រាលី កាលពីសប្ដាហ៍កន្លងទៅនេះ។
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ចំនួន៩៦១លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន១,៥០០លានដុល្លារអាមេរិក។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា “ការហោះហើរត្រង់រវាងកម្ពុជា-អូស្ដ្រាលី នឹងធ្វើឡើងនៅពេលដែលចំនួនអ្នកធ្វើដំណើរមានការកើនឡើង ខណៈបច្ចុប្បន្ននេះរាល់ ការធ្វើដំណើរមកពីប្រទេសអូស្ដ្រាលី ត្រូវឆ្លងកាត់បណ្ដាប្រទេសផ្សេងៗ ទើបបន្ដមកដល់ប្រទេសកម្ពុជា”។
សម្ដេចធិបតីហ៊ុន ម៉ាណែត បានបានបន្តថា ថ្ងៃមុនទៅអូស្ដ្រាលីយើងបានចុះកិច្ចព្រមព្រៀង ជាមួយអូស្ដ្រាលី ពីការបើកច្រកសម្រាប់ទំនាក់ទំនងវិស័យអាកាស, យើងថ្ងៃមុខអាចឈានទៅដល់ការហោះហើរត្រង់តែម្ដង។
សម្តេចបានបញ្ជាក់ថា “ឥលូវនេះយើងហោះមកចូលតាមប្រទេសផ្សេងៗ យើងចុះកិច្ចព្រមព្រៀងជាមួយអូស្ដ្រាលី បើកច្រកថ្ងៃក្រោយបើមានចំនួនមនុស្សធ្វើដំណើរ”។
សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងតភ្ជាប់ ជើងហោះហើរត្រង់ពីបណ្ដាប្រទេសនានានៅលើពិភពលោក មកកាន់ប្រទេសកម្ពុជា នឹងមានភាពងាយស្រួលនៅពេលដែលកម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធវិស័យផ្លូវអាកាសគ្រប់គ្រាន់ ពោលជាក់ស្ដែង ដូចអាកាសយានដ្ឋានអន្ដរជាតិតេជោ នៅពេលសាងសង់រួចរាល់ នឹងកាន់តែបង្កលក្ខណៈងាយស្រួល។ ដូច្នេះហើយ ហេដ្ឋារចនាសម្ព័ន្ធផ្លូវអាកាស និងមនុស្សក្នុងវិស័យទេសចរណ៍ត្រូវតែដើរទន្ទឹមគ្នា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់រួចរាល់ហើយនោះ ចំនួនជើងហោះហើរ ពិសេសប្រភេទយន្ដហោះធុនធំ ដែលមកពីប៉ែកអឺរ៉ុប នឹងមានកាន់តែច្រើន ម្ល៉េះហើយនៅពេលនេះ វិស័យទេសចរណ៍របស់កម្ពុជា នឹងកាន់តែមានការរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ព្រមទាំងធ្វើឲ្យចំណូលរបស់ប្រជាពលរដ្ឋកម្ពុជា ក៏កាន់តែកើនឡើងដូចគ្នាដែរ៕