ដោយ: គង់ លាងហួរ
អន្តរជាតិ: អត្រាស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍របស់កម្ពុជា មានកម្រិតខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ាន។ នេះបើយោងតាមរបាយការណ៍ របស់ក្រុមហ៊ុនស្រាវជ្រាវទេសចរណ៍ Outbox Consulting ។
របាយការណ៍បង្ហាញថា ក្នុងឆ្នាំ២០២៣ វិស័យទេសចរណ៍នៅកម្ពុជា បានស្ទុះងើបឡើងវិញដល់អត្រា៨២,៥ភាគរយ នៃកម្រិតមុនផ្ទុះជំងឺរាតត្បាតកូវីដ-១៩ តាមពីក្រោយប្រទេសម៉ាឡេស៊ី ជាមួយនឹងអត្រា៧៧,២ភាគរយ នៃកម្រិតមុនផ្ទុះជំងឺរាតត្បាត។
របាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទេសចរណ៍ Outbox Consulting បានបន្តថា ឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានអត្រានៃការស្ទុះងើបឡើងវិញចំនួន៧១,៧% បន្ទាប់មកគឺសិង្ហបុរី ដែលមានអត្រា នៃការស្ទុះងើបឡើងវិញចំនួន៧១,៣% និងប្រទេសថៃ ដែលមានអត្រានៃការស្ទុះងើបឡើងវិញចំនួន៧០,៤% ។
ប្រភពដដែលបានបង្ហាញទៀតថា ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ៦ ដោយសម្រេចបានអត្រាស្ទុះងើបឡើងវិញចំនួន៧០% ខ្ពស់ជាងប្រទេសហ្វីលីពីន ដែលសម្រេចបានចំនួន៦៦%។
កាលពីឆ្នាំមុន ប្រទេសម៉ាឡេស៊ី បានក្លាយជាជើងឯកទេសចរណ៍ក្នុងតំបន់ ដោយទាក់ទាញបានការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិចំនួន២៩លាននាក់ តាមពីក្រោយដោយប្រទេសថៃ ដែលមានភ្ញៀវទេសចរបរទេស២៨លាននាក់ សិង្ហបុរីទទួលបាន១៣,៦លាននាក់ និងវៀតណាមទទួលបាន១២,៦លាននាក់។
ជាមួយគ្នានេះ ប្រទេសថៃ និងម៉ាឡេស៊ីបានលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ មកពីបណ្តាប្រទេសសេដ្ឋកិច្ចធំៗ ដូចជាប្រទេសចិន និងឥណ្ឌាចាប់តាំងពីចុងឆ្នាំមុនមកម្ល៉េះ។
ស្របពេលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាក្នុងតំបន់ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបញ្ជាឱ្យក្រសួងនានាពិចារណា លើការលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋមកពីប្រទេសមួយចំនួន ស្របតាមសកម្មភាពសហប្រតិបត្តិការទ្វេរភាគី៕