ដោយ: គង់ លាងហួរ
បាងកក: អាជ្ញាធរអចលនទ្រព្យឧស្សាហកម្មថៃ (IEAT) គ្រោងនឹងបញ្ចប់ការសិក្សា លទ្ធភាពសាងសង់គម្រោងអចលនទ្រព្យ បែបឧស្សាហកម្ម បញ្ចូលទៅក្នុងគម្រោងខ្នាតយក្ស Land Bridge នៅចុងឆ្នាំ២០២៤នេះ។
គម្រោងអចលនទ្រព្យបែបឧស្សាហកម្ម នឹងក្លាយជាផ្នែកមួយនៃគម្រោង Land Bridge របស់រដ្ឋាភិបាល ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងប្រទេសថៃ ដែលមានតម្លៃ១ទ្រីលានបាត(ជាង២៨ពាន់លានដុល្លារ)។
គម្រោងខ្នាតធំនេះ មានគោលបំណងសាងសង់ ផ្លូវដឹកជញ្ជូនតភ្ជាប់ពីឆ្នេរសមុទ្រ Andaman ទៅកាន់ឈូងសមុទ្រថៃ ដែលនឹងបង្កើតផ្លូវកាត់រវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក បង្កើនប្រសិទ្ធភាព នៃការដឹកជញ្ជូនទំនិញសកល និងកាត់បន្ថយការពឹងផ្អែកលើច្រកសមុទ្រម៉ាឡាកា។
លោក Veeris Ammarapala ប្រធានអាជ្ញាធរអចលនទ្រព្យឧស្សាហកម្មថៃ (IEAT) បានលើកឡើងថា “យើងកំពុងសិក្សាពីការបង្កើតតំបន់អចលនទ្រព្យឧស្សាហកម្ម នៅក្នុងគម្រោងនេះ ដើម្បីសម្រួលដល់ឧស្សាហកម្មដែលពាក់ព័ន្ធ ខណៈរដ្ឋាភិបាលកំពុងទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសឱ្យចូលរួមវិនិយោគ ក្នុងគម្រោងនេះ”។
លោកបានបញ្ជាក់ថា ការសិក្សារបស់អាជ្ញាធរ IEAT ក៏នឹងរួមបញ្ចូលផងដែរ នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត នៅក្នុងតំបន់គម្រោង Land Bridge ដូចជា កំពង់ផែសមុទ្រ ផ្លូវហាយវេ ផ្លូវរថភ្លើង និងស្ថានីយ៍ជាដើម។
គម្រោង Land Bridge ត្រូវបានអនុម័ត ដោយសភាថៃ កាលពីថ្ងៃទី១៥ ខែកុម្ភៈ បន្ទាប់ពីមានការពិភាក្សាដេញដោលគ្នា យ៉ាងក្តៅគគុកនៅក្នុងសភា។ ទោះជាយ៉ាងនេះក្តី គម្រោងនេះបន្តប្រឈមមុខនឹងមតិប្រឆាំង ដោយសារការព្រួយបារម្ភអំពីផលចំណេញ និងផលប៉ះពាល់បរិស្ថាន៕