តើតំបន់លក់រាយណាខ្លះ ដែលមានថ្លៃជួលហាងខ្ពស់ជាងគេបំផុតនៅក្នុងទីក្រុងសេអ៊ូល?

0

ដោយ: គង់ លាងហួរ

សេអ៊ូល: តំបន់ Myeong-dong ស្ថិតនៅចំកណ្តាលទីក្រុងសេអ៊ូល ត្រូវបានគេទទួលស្គាល់ និងវាយតម្លៃថា ជាតំបន់លក់រាយថ្លៃជាងគេបំផុត របស់ប្រទេសកូរ៉េខាងត្បូងជាយូរមកហើយ។

ប៉ុន្តែស្រាប់តែ ការស្ទង់មតិថ្មីៗនេះបានបង្ហាញថា កាលពីឆ្នាំមុន តំបន់ដើរទិញទំនិញដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរខាងលើនេះ ត្រូវបានវ៉ាដាច់ដោយតំបន់ Bukchang-dong ដែលគេមិននឹកស្មានដល់ បើគិតពីថ្លៃជួលហាង។

តំបន់ពាណិជ្ជកម្មលក់រាយ Bukchang-dong ស្ថិតនៅចន្លោះអគារ Bank of Korea ស្ថានីយ៍ City Hall និងស្ថានីយ៍ Hoehyeon ហើយតំបន់នេះ ឈរនៅលំដាប់កំពូលតារាង វិភាគទីផ្សារលក់រាយប្រចាំឆ្នាំ២០២៣ ដែលធ្វើឡើងដោយរដ្ឋបាលទីក្រុងសេអ៊ូល ខណៈ ការជួលហាងប្រចាំខែនៅទីនេះ មានតម្លៃជាមធ្យម១៨ម៉ឺនវ៉ុន (១៣៥ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ។

ហាងដែលស្ថិតនៅលើផ្លូវដើរទិញទំនិញ ដ៏សំខាន់របស់តំបន់ Myeong-dong នៅសង្កាត់ Jung-gu មានតម្លៃជួលជាមធ្យមប្រចាំខែចំនួន១៧៣.៧០០វ៉ុនក្នុងមួយម៉ែត្រការ៉េ បន្ទាប់មកគឺតំបន់ស្ថានីយ៍ Myeong-dong ដែលមានតម្លៃជួលជាមធ្យមប្រចាំខែចំនួន១៥៣.៦០០វ៉ុនក្នុងមួយម៉ែត្រការ៉េ។

ថ្លៃជួលហាងជាមធ្យមប្រចាំខែនៅទីក្រុងសេអ៊ូល បានឈានដល់៧៤.៩០០វ៉ុន ក្នុងមួយម៉ែត្រការ៉េ កាលពីឆ្នាំ២០២៣ កើនឡើង៧,៨ភាគរយ បើធៀបនឹងតួលេខកាលពីឆ្នាំ២០២២ ដែលមានថ្លៃជួលចំនួន៦៩.៥០០វ៉ុន។

កាលពីឆ្នាំ២០២២ ហាងស្ថិតនៅតំបន់លក់រាយ Myeong-dong មានថ្លៃជួលខ្ពស់ជាងគេបំផុត ចំនួន២០៥.៥០០វ៉ុន ក្នុងមួយម៉ែត្រការ៉េ បន្ទាប់មកគឺហាងនៅតំបន់ស្ថានីយ៍ Gangnam មានថ្លៃជួលចំនួន១៤៣.៦០០វ៉ុន និងហាងនៅតំបន់ Gwanghwamun ក្នុងសង្កាត់  Jongno មានថ្លៃជួល១១២.៧០០វ៉ុន។

ទោះជាយ៉ាងណាក្តី តំបន់ Bukchang-dong មិនបានជាប់ក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង៥  (Top5) ក្នុងឆ្នាំ២០២២នោះទេ ដោយកត់ត្រា ថ្លៃជួលជាមធ្យមប្រចាំខែចំនួន៦៦.១០០វ៉ុន។ ប៉ុន្តែ ស្រាប់តែ ពេលនេះតំបន់ Bukchang-dong បានហក់ឡើងមកកាន់តំណែងលេខ១ ក្នុងនាមជាតំបន់លក់រាយ ដែលថ្លៃជាងគេបំផុតនៅទីក្រុងសេអ៊ូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here